(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមករានេះ បានធ្វើការណែនាំ ឲ្យមន្ត្រីបច្ចេកទេសទាំងអស់ ពិនិត្យមើលការបិទសំបុកមាន់, ការជួសជុល ថែទាំផ្លូវថ្នល់ ត្រូវធ្វើយ៉ាងណាឲ្យមានគុណភាព រឹងមាំប្រើប្រាស់បានយូរអង្វែង គោរពតាមស្តង់ដារបច្ចេកទេស ដើម្បីផ្តល់សេចក្តីទុកចិត្តជូនបងប្អូន ប្រជាពលរដ្ឋ។
ការណែនាំបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីភាព បើកកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០១៨ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ។
សន្និបាតខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់នាំក្រសួង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនក្រោមឱវាទ តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ ដែលរៀបចំធ្វើឡើងនៅក្នុងទីស្ដីការ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ អំពីសមិទ្ធិផលការងារ ដែលសម្រេចបាននិងកំពុងបន្តសំខាន់ៗ មួយចំនួន ដែលក្នុងនោះរួមមាន៖
* ការដាក់ឲ្យដំណើរការ សេវាដឹកជញ្ជូន អ្នកដំណើរតាមរថភ្លើងពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅមុនចូលឆ្នាំខ្មែរ។
* ការតភ្ជាប់ផ្លូវដែកកម្ពុជាជាមួយផ្លូវដែកប្រទេសថៃ ដែលមានសារសំខាន់ដល់ការដឹកជញ្ជូន ដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់ សេវាដឹកជញ្ជូន អ្នកដំណើរតាមផ្លូវទឹក។
* ការបិតចំណាំងផ្លាតសុវត្ថិភាព ជូនប្រជាពលរដ្ឋជាងបីលានដោយគិតថ្លៃ, ចលនាចែកមួកសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងស្ពតអប់រំប្រជាពលរដ្ឋ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីយុទ្ធនាការ ចុះបង្ក្រាបរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីថែរក្សាផ្លូវថ្នល់ ឲ្យមានគុណភាពប្រើប្រាស់បានយូរអង្វែង និងវិធានការកាត់ទ្រុងយានយន្ត ដែលកែច្នៃខុសលក្ខណៈបច្ចេកទេស។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គសន្និបាត អំពីការចុះអនុស្សារណៈលើកិច្ចព្រមព្រៀងសម្បទានសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុងព្រះសីហនុការសិក្សាលទ្ធភាពសាង សង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សាងសង់ផ្លូវជាតិលេខ៥ ពី២គន្លងទៅ៤គន្លង និងបានសម្តែងការស្វាគមន៍ ចំពោះក្រុមហ៊ុនឯកជនណាដែល មានបំណងចង់ដាក់ពាក្យ សាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
រដ្ឋមន្ដ្រីក្រសួងសាធារណការ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ត្រីក្រោមឱវាទក្រសួង ក៏ដូចជាមន្ត្រីតាមក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការក្នុងការស្មារតី យកចិត្តទុកដាក់ក្នុងឆ្នាំកន្លងទៅ និងបានសំណូមពរឲ្យបន្តជួយគាំទ្រ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អ ផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕