(ស្វាយរៀង)៖ លោក តែម ម៉ឺន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំមេសថ្ងក បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់សេវាសាធារណផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវសេវាមិនបង់ប្រាក់ដូចជា៖ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារជាដើម ដើម្បីឲ្យពលរដ្ឋបានដឹងយល់ ជ្រួតជ្រាបចៀងវាងមានការថ្នាំងថ្នាក់ណាមួយ។

លោក តែម ម៉ឺន បានថ្លែងបែបនេះ ក្នុងឱកាសលោករួមជាមួយលោក យិត ស៊ុនណារ៉ា ព្រមទាំងក្រុមការងារ ចុះត្រួតពិនិត្យសំណង់អគារសាលឃុំថ្មី នៅឃុំមេសថ្ងក ស្រុកចិន្ទ្រា ខេត្តស្វាយរៀង នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ម្សិលមិញ ដែលមានតំលៃប្រមាណ២ម៉ឺនដុល្លារ។

លោក តែម ម៉ឺន បានបន្តថា អគារសាលាឃុំថ្មីដែលចាប់ផ្តើមកសាងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧រហូតមកដល់ពេលនេះ គឺសម្រេចបានក្នុងកសាង៦០% ហើយសាលាឃុំថ្មីកសាងនៅពេលនេះដើម្បី ឲ្យមានសោភណ្ឌភាពល្អ ឲ្យស័ក្តិសមជាកន្លែងធ្វើការពីព្រោះនាពេលកន្លងមក គឺកន្លែងធ្វើរបស់សាលាឃុំមេសថ្ងក នេះមានសភាពចាស់ទ្រុឌទ្រោមស្ទើរតែធ្វើការពុំកើត។ ហេតុដូចច្នេះហើយដើម្បីឲ្យមន្ត្រីរបស់សាលាឃុំ មានកន្លែងធ្វើការសមរម្យនោះត្រូវតែមានការកសាង ដោយមានការជួយចូលរួមពីសំណាក់ក្រុមការងារថ្នាក់ជាតិចុះជួយឃុំមេ.ស.ថ្ងក។

លោក តែម ម៉ឺន ក៏បានសំណូមពរឲ្យដល់ក្រុមជាងម៉ៅការ ដែលកសាងអគារនេះត្រូវធ្វើយ៉ាងណាធ្វើទៅតាមបទដ្ឋានបច្ចេកទេសសំណង់ ទើបសំណង់មានគុណភាពល្អប្រើប្រាស់ឲ្យបានយូអង្វែង។

ក្រោយបញ្ចប់ការចុះត្រួតពិនិត្យ ប្រធានក្រុមការងារ បានប្រគល់ថវិកាចំនួន៥លានរៀល ជូនដល់ស្នាក់ការគណបក្សឃុំ ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ៕