(ភ្នំពេញ)៖ ក្រុមថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិដែលគាំទ្រលោក សម រង្ស៊ី និងក្រុមថ្នាក់ដឹកនាំនៃអតីតគណបក្សនេះ ដែលគាំទ្រលោក កឹម សុខា កំពុងប្រឈមមុខដាក់គ្នាជាថ្មី ក្រោយពេលលោកសម រង្ស៊ី បានបង្កើតចលនាថ្មីមួយឈ្មោះ «ចលនាសង្រ្គោះជាតិ» ដែលរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាក្រុមឧទ្ទាម។ ក្រុមប្រឆាំងខាងលោក កឹម សុខា មិនគាំទ្រចំពោះចលនាខុសច្បាប់នេះឡើយ ហើយថា មិនចូលរួមក្នុងចលនានេះទេ។
ចលនាសង្រ្គោះជាតិនេះ ត្រូវបានប្រកាសបង្កើតឡើង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ហើយដឹកនាំដោយ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ, លោកស្រី ជូឡុង សូមូរ៉ា ជាដើម។ សេចក្តីថ្លែងការណ៍ ស្តីពីការបង្កើតចលនានេះ បង្ហាញថា ចលនានេះបង្កើតឡើង ដើម្បីទាមទារឲ្យមានការដោះលែង លោក កឹម សុខា និងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។
ភ្លាមៗនោះ អតីតសមាជិកបក្សប្រឆាំងប្រមាណ៥០នាក់ ដែលសុទ្ធសឹងតែជាបក្ខពួករបស់ លោក កឹម សុខា បានចេញសេចក្តីប្រកាសប្រឆាំងចំពោះចលនា ដែលបង្កើតឡើងដោយ ក្រុមរបស់ទណ្ឌិត សម រង្ស៊ី នាពេលនេះ។ ជាមួយគ្នានេះ អតីតសមាជិកបក្សប្រឆាំងទាំងនោះបានអះអាងថា ពួកគេនឹងមិនចូលរួម ជាមួយចលនានេះនោះឡើយ ហើយបន្តធ្វើសកម្មភាពក្រោមក្របខណ្ឌគណបក្សសង្រ្គោះជាតិ ដែលមានលោក កឹម សុខា ជាប្រធាន។
លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសិទ្ធិមនុស្ស បានថ្កោលទោសសេចក្តីសម្រេចបង្កើតចលនានេះ។ លោកប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា លោកនិងកូនស្រីលោក កឹម សុខា បារម្ភខ្លាចថា លោក កឹម សុខា និងមន្ត្រីគណបក្សសង្គ្រោះជាតិដទៃៗទៀតដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជានៅឡើយ អាចនឹងទទួលរងការដាក់ទោសទណ្ឌចំពោះសកម្មភាពរបស់ចលនានេះ។ លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ប្រសិនបើពួកគេធ្វើសកម្មភាពដែលបង្កឲ្យមានបញ្ហា, លោក កឹម សុខា នឹងត្រូវទទួលខុសត្រូវ»។
ដោយឡែក លោក អេង ឆៃអ៊ាង ដែលចូលរួមបង្កើតចលនាថ្មីជាមួយ លោក សម រង្ស៊ី បានហៅអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ដែលមិនចូលរួមជាមួយលោកថា ជាប្រតិកម្មប្រឆាំងនឹងចលនាសង្រ្គោះជាតិ។ លោកបានថ្លែងតាមបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «ឥឡូវនេះ មានប្រតិកម្មពីមជ្ឈដ្ឋានពីរប្រឆាំងនឹងគម្រោងបង្កើតចលនាសង្គ្រោះជាតិ គឺគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន និង ក្រុមដឹកនាំមួយចំនួននៅក្នុងគណបក្សសង្គ្រោះជាតិ»។
បើទោះបីជាយ៉ាងនេះក្តី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ចលនាដែលបង្កើតឡើងដោយ អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេសនោះ គឺចលនាឧទ្ទាម ហើយអ្នកដែលចូលរួមបង្កើតចលនានេះគឺជាអ្នកប្រព្រឹត្តបទល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។
លោក សុខ ឥសាន ជឿជាក់ថា ចលនានោះមានតែនៅក្រៅប្រទេសប៉ុណ្ណោះ ប៉ុន្តែមិនជះឥទ្ធិពលអ្វីដល់កម្ពុជាទេ។ លោកថ្លែងថា «អត់មាន ជះឥទ្ធិពល អ្វីអាក្រក់ ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល នៅក្នុងក្របខណ្ឌនៃព្រះរាជាណាចក្រកម្ពុជា គ្រាន់តែវាមានចិត្តសាស្រ្តបន្តិចបន្តួច តាមរយៈការឃោសនា មកលើប្រជាពលរដ្ឋ»។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ក៏បានព្រមានដល់អ្នកចូលរួមបង្កើតចលនានោះថា នឹងត្រូវចាប់ខ្លួនជាមិនខាន បើសិនបង្ហាញវត្តមាននៅកម្ពុជា។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ចំពោះប្រទេសណាមួយ ដែលគាំទ្រដល់ចលនាឧទ្ទាមនេះ នឹងមានបញ្ហាការទូតជាមួយកម្ពុជាផងដែរ។
អ្នកវិភាគព្រឹត្តិការណ៍នយោបាយដ៏ល្បីមួយរូបនៅកម្ពុជា ចៅចាក់ស្មុក បានមើលឃើញថា ការបង្កើតចលនានេះ គឺមានគោលបំណងបំផ្លាញកូនស្រីលោក កឹម សុខា និងក្រុមលោក កឹម សុខា ជាជាងការជួយដល់លោក កឹម សុខា និងគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ។ អ្នកវិភាគរូបនេះយល់ថា៖
ទី១៖ ការបង្កើតចលនាណាមួយជាយន្តការក្រៅបក្សដូចនេះ គឺជាសញ្ញាបង្ហាញច្បាស់ណាស់ថា យន្តការបក្សដែល កឹម មនោវិទ្យា និងក្រុមគាំទ្រលោក កឹម សុខា កំពុងប្រើ ហើយដើរអួតតាមប្រព័ន្ធផ្សព្វផ្សាយថា អន្តរជាតិនៅតែទទួលស្គាល់បក្សសង្រ្គោះជាតិ គឺត្រូវរលាយដូចអំបិលត្រូវទឹក។
ទី២៖ ការបង្កើតចលនាក្រៅបក្ស ដោយមិនប្រើយន្តការបក្សបន្តទៀត មិនមែនមានន័យថា បន្ថែមសកម្មភាពក្នុងយុទ្ធនាការនោះទេ ប៉ុន្តែគឺមានន័យរួចជាស្រេចហើយថា កិច្ចខិតខំប្រឹងរបស់ កឹម មនោវិទ្យា និងក្រុមលោក កឹម សុខា បានទទួលបរាជ័យយ៉ាងពិតប្រាកដក្នុងសមរភូមិអន្តរជាតិ តាមរយៈការបញ្ចុះបញ្ចូល និងជំរុញឲ្យបរទេស ជួយគាស់បក្សសង្រ្គោះជាតិចេញពីផ្នូរ និងជួយអោយលោក កឹម សុខា ចេញពីពន្ធនាគារ។ រើសបែកផ្លូវដើរផ្សេងពីផ្លូវកំពុងដើរ បើមិនបង្ហាញពីបរាជ័យ គឺមានន័យថា ផ្តួលអ្នកកំពុងដើរលើផ្លូវ។
ទី៣៖ ការបង្កើតចលនាមួយក្រៅបក្សដូចនេះ គឺគ្មានអ្វីក្រៅពីការបោះជំហានទៅមុខរបស់ក្រុមលោក សម រង្ស៊ី ដើម្បីបង្កើតតំណែង និងឱកាសនយោបាយឲ្យលោកសម រង្ស៊ី តាមរយៈការយកគណបក្សសង្រ្គោះជាតិ ដែលបានរលាយទៅហើយ និងការយកលោក កឹម សុខា ដែលនៅក្នុងពន្ធនាគារធ្វើជាជំនួញនយោបាយលើកទង់ឡើងវិញដើម្បីប្រមូលកំលាំង និងក្តាប់កំលាំងក្នុងដៃតែម្នាក់ឯង។ លោក សម រង្សុី ខ្លួនឯង ដែលគ្មានតំណែងអ្វីសោះក្នុងសពនៃបក្សសង្រ្គោះជាតិ ក៏ដឹងច្បាស់ថា មិនអាចធ្វើសកម្មភាពជាជនក្រៅបក្ស និងក្រោមការដឹកនាំផ្នែកយុទ្ធសាស្រ្តរបស់ កឹម មនោវិទ្យា ដែលកំពុងលេចមុខមាត់ខ្លាំងនៅបរទេសជាងលោក សម រង្ស៊ី ដែលជាខ្លាចាស់បាក់ចង្កូមក្រៅសំបុកនោះទេ!៕