(ភ្នំពេញ)៖ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រកាសចូលរួមឧបត្ថម្ភដល់មូលនិធិត្រីចក្រយន្ត (មូលនិធិស៊ីក្លូ) ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នូវថវិកាចំនួន១ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

ការចូលរួមឧបត្ថម្ភនូវថវិការបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជូនដល់មូលនិធិស៊ីក្លូខាងលើនេះ ដោយមើលឃើញអំពីគំនិតផ្តួចផ្តើចដ៏ឧត្តម និងប្រពៃថ្លៃថ្លា របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងការថែរក្សា និងអភិរក្សស៊ីក្លូ និងចូលរួមកាត់បន្ថយបាននូវភាពក្រីក្រដល់ប្រជាពលរដ្ឋខ្មែរ។

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្កើតមូលនិធិសមាគមអ្នកធាក់ស៊ីក្លូ នៅក្នុងឱកាសជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយបងប្អូន ប្រកបរបរធាក់ស៊ីក្លូ នៅមជ្ឈមណ្ឌល និងពិពណ៌កោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយឆ្នាំមូលនិធិត្រីចក្រយានអាចនឹងត្រូវចំណាយក្នុងរង្វង់ ២៤-៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។ សម្តេចតេជោ បានសម្រេចដាក់ថវិកាចូលមូលនិធិដំបូង៥០០លានរៀល (ប្រមាណ១៤ម៉ឺនដុល្លារអាមេរិក) ហើយឧបត្ថម្ភប្រចាំខែប្រមាណ ២ម៉ឺនដុល្លារថែមទៀតផង។

មិនតែប៉ុណ្ណោះ មូលនិធិស៊ីក្លូ ដែលបង្កើតដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ទទួលបានការឧបត្ថម្ភថវិកាមួយចំនួនពីសំណាក់មន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលផងដែរ ក្នុងនោះមាន ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ចំនួន៥ពាន់ដុល្លារ, ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន៣ពាន់ដុល្លារ, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន២,៥០០ដុល្លារ, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចំនួន២,៥០០ដុល្លារ, លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំនួន៥,០០០ដុល្លារ, លោក ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ចំនួន២,៥០០ដុល្លារ, លោក អូស្មា ហាសាន់ ចំនួន២៥,០០០ដុល្លារ និងឧកញ៉ា លី ហួរ ចំនួន៣០,០០០ដុល្លារ។

សូមជំរាបថា សម្រាប់ឧកញ៉ាចិត្តសប្បុរសដែលចូលរួមឧបត្ថម្ភមូលនិធិស៊ីក្លូក្នុងមួយឆ្នាំៗរួមមាន៖ ឧកញ៉ា គិត ម៉េង ចំនួន៥ម៉ឺនដុល្លារ, ឧកញ៉ា លាង ឃុន ចំនួន៥ម៉ឺនដុល្លារ, ឧកញ៉ា ថៃ ជាហួត ចំនួន៥ម៉ឺនដុល្លារ និងឧកញ៉ា អ៉ឹង ប៊ុនហូវ ចំនួន៥ម៉ឺនដុល្លារ៕