បុរសវ័យចំណាស់ម្នាក់ ត្រូវជ្រូកព្រៃធំមួយក្បាល វាយប្រហារ បណ្តាលឲ្យរបួសធ្ងន់ ពេលកំពុងបោចស្មៅក្នុងចំការដំឡូង
15-01-2018 09:00
(ពោធិ៍សាត់)៖ បុរសវ័យចំណាស់ម្នាក់ត្រូវ បានជ្រូកព្រៃធំមួយក្បាល វ័ធត្រូវត្រគៀក ក្បាល និងត្រូវដៃជើងខាងឆ្វេងរងរបួសធ្ងន់ ខណៈកំពុងធ្វើស្មៅដំឡូងមីនៅចំការ ដែលហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ ត្រង់ចំណុច (អូររំចេក) ចំការដំឡូងមី ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប្រាក់ អាន ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។
លោកអធិការបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានចេញទៅធ្វើស្មៅដំឡូងមី នៅចំណុចខាងលើ ស្រាប់តែប្រទះឃើញជ្រូកព្រៃមួយក្បាលដ៏ធំ មានចង្កូមវែង បានទ័លច្រក ក៏បោលសំដៅទៅរកជនរងគ្រោះ។
ភ្លាមនោះជនរងគ្រោះ បម្រុងនឹងរត់គេចដែរ តែទាក់នឹងវល្លិ៍ក៏ដួល រួចជ្រូកព្រៃ ក៏ខ្វេះត្រគៀក ក្បាល និងត្រូវដៃជើងខាងឆ្វេង រងរបួសធ្ងន់ និងបានបោលចូលរួមបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក៏ជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់នេះទៅ៕