(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់ របួសស្រាលចំនួន៤នាក់ និងរបួសធ្ងន់១១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៣គ្រឿង រថយន្តតូច៤គ្រឿង, រថយន្ដកែច្នៃ១គ្រឿង, អ្នកថ្មើរជើងម្នាក់ និងរថយន្តធំ៦គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង និងស្រវឹង។

សូមបញ្ជាក់ថារយៈពេល១៥ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៤២លើក បណ្ដាលឲ្យមនុស្សស្លាប់៧៧នាក់ របួសធ្ងន់ចំនួន១៤៧នាក់ និងរបួសស្រាលចំនួន៩៤នាក់៕