(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលជំងឺមហារីក និងសម្ភពដ៏ថ្មីសន្លាងមួយទៀតនៅក្នុងមន្ទីរពេទ្យកាលម៉ែត្រ។
អគារព្យាបាលថ្មីក្នុងមន្ទីរពេទ្យកាល់ម៉ែត្រនេះ ត្រូវបានគេប្រសិទ្ធនាមថា «អគារតេជោសន្តិភាព»។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា «អគារតេជោសន្តិភាព» មានលក្ខណៈពិសេសដោយស្ថាបត្យករជាតិ និងអ្នកជំនាញការអន្តរជាតិ ធ្វើឲ្យមានការបែងចែកចេញជាពីរផ្នែកដាច់ពីគ្នា ដោយរក្សាបាននូវសុវត្ថិភាពខ្ពស់រវាងមជ្ឍមណ្ឌលជាតិជំងឺមហារីក និងសម្ភព ដែលសាងសង់ឡើងអំពីបេតុងអាម៉េមានទទឹង ៤០,៥០ម៉ែត្រ បណ្តោយ ៤៨,៦០ម៉ែត្រ មានកម្ពស់ ៩ជាន់។
បើតាមលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល អគារព្យាបាលជំងឺដ៏ថ្មីសន្លាង និងបំពាក់គ្រឿងបរិក្ខាទំនើបៗ ជាពិសេសបំពាក់ម៉ាស៊ីនព្យាបាលជំងឺមហារីកជាលើកដំបូងនៅកម្ពុជានេះ បានវិនិយោគអស់ទឹកប្រាក់សរុបជាង ២៣លានដុល្លារអាមេរិក (២៣,០៤៨,៤៥២.៨៨ដុល្លារ)។ ក្នុងនោះការសាងសង់ និងបំពាក់ឧបករណ៍សម្ភារៈមួយចំនួនជាថវិកាស្វយ័តសន្សំរំលស់របស់មន្ទីរពេទ្យកាល់ម៉ែតមានទឹកប្រាក់ជាង ១៧លានដុល្លារ (១៧,៣៨៨,៣០២.៤៩ដុល្លារ) និងសម្ភារៈ សង្ហារឹមមួយចំនួនជាអំណោយរបស់មន្ទីរពេទ្យប្រទេសបារាំងគិតតម្លៃជាទឹកប្រាក់ជាង ៣លានដុល្លារ (៣,២១៥,៧៦៤.៨៧ដុល្លារ) ព្រមទាំងជំនួយជាសម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត និងបណ្តុះបណ្តាលគ្រូពេទ្យជំនាញពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) មានទឹកប្រាក់ចំនួន ២.៤៤៤.៣៨៥,៥២ ដុល្លារ (ពីរលាន សែសិបបួនម៉ឺន បួនពាន់ បីរយប៉ែតសិបប្រាំដុល្លារអាមេរិក និងហាសិបពីរសេន)។
លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា សំណង់អគារខាងលើសាងសង់ស្របតាមប្រព័ន្ធស្តង់ដារមន្ទីរពេទ្យអន្តរជាតិ ដែលបំពាក់ដោយបច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើបចុងក្រោយបង្អស់មានជាអាទិ៍៖
- ម៉ាស៊ីនព្យាបាលជំងឺមហារីកទំនើបដោយប្រើកាំរស្មី Linear Accelerator + Multi-Leaf Collimator (MLC) ដែលមានតម្លៃជិត ៤លានដុល្លារ (៣,៧៨៨,២០៨ដុល្លារ) ក្នុង ១គ្រឿង ជាប្រភេទម៉ាស៊ីនដ៏ទំនើបពេញនិយមប្រើប្រាស់ជាសកល។
- វេជ្ជសាស្រ្តនុយក្លេអ៊ែរ សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាល
- វេជ្ជសាស្រ្តផ្សាំកោសិកា ដូចជា ផ្សាំខួរឆ្អឹង (Bone marrow Transplantation) និងព្យាបាលដោយកោសិកាពូជទំនើប (Stem cell) និងការព្យាបាលដោយថ្នាំគីមី។ តាមការប៉ាន់ស្មានម៉ាស៊ីនបាញ់កាំរស្មីអាចបម្រើសេវាជូនអ្នកជំងឺមហារីកបានប្រមាណពី៧០០ ទៅ ១,០០០នាក់ក្នុង១ឆ្នាំ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ដោយមានការឧបត្ថម្ភគាំទ្ររបស់សមេ្តចតេជោ ប្រមុខរាជរដ្ឋាភិបាលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាលនឹងខិតខំសម្រេចឲ្យមានការបំពាក់ម៉ាស៊ីនបាញ់កាំរស្មីព្យាបាលជំងឺមហារីក (Linear Accelerator) ២គ្រឿងបន្ថែមទៀត ក្នុងបន្ទប់ Bunker ដែលបានសាងសង់ត្រៀមទុកជាស្រេច ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទូទៅ សំដៅដោះស្រាយបញ្ហាសុខភាពផ្នែក ជំងឺមហារីកនេះឲ្យបានកាន់តែទូលាយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដូចបណ្តាប្រទេសជឿនលឿនលើសកលលោក។ បច្ចុប្បន្ន អគារមជ្ឍមណ្ឌលជាតិជំងឺមហារីកមាន ៥៣គ្រែ និងសម្ភពថ្មីមាន ៨៥គ្រែ ព្រមទាំងបន្ទប់សម្រាលកូនទំនើប។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានពន្យល់ពីមូលហេតុដែលប្រសិទ្ធនាមអគារមជ្ឈមណ្ឌលជាតិជំងឺមហារីក និងសម្ភពថ្មីនេះថា «អគារតេជោសន្តិភាព» ផងដែរ។ បើតាមលោក ម៉ម ប៊ុនហេង ដែលដែលប្រសិទ្ធនាមអគារនេះថា «អគារតេជោសន្តិភាព» ជាការចូលរួមរំលឹកនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់សមេ្តចតេជោ ក្នុងការកសាងសន្តិភាព និងអភិវឌ្ឍន៍វិស័យសុខាភិបាលនៅក្នុងកម្ពុជា។
សូមបញ្ជាក់ថា មន្ទីរពេទ្យកាល់ម៉ែត ត្រូវបានចាប់ផ្តើមសាងសង់ក្នុងអំឡុងឆ្នាំ១៩៥៨-១៩៦០ កាលនោះដំណើរការក្រោមឈ្មោះ «មូលនិធិកាល់ម៉ែត»។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត មន្ទីរពេទ្យត្រូវបានបោះបង់ និងបំផ្លាញស្ទើរទាំងស្រុង។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ មន្ទីរពេទ្យត្រូវបានជួសជុល និងបើកដំណើរការឡើងវិញតាមដំណាក់កាលបន្តបន្ទាប់។ មន្ទីរពេទ្យកាល់ម៉ែតត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ដាក់ឲ្យដំណើរការជាគ្រឹះស្ថានសាធារណៈសុខាភិបាល ដែលធ្វើឲ្យមានការរីកចម្រើនជាលំដាប់គួរជាទីមោទនៈ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល។
នៅដើមឆ្នាំ២០១៨នេះ កាលពីថ្ងៃទី០៤ ខែមករា សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មីមួយ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។ អគារព្យាបាលថ្មីក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនេះ គឺជាអគារដ៏ល្អទំនើប មានកម្ពស់ ៦ជាន់ មានចំនួន ៧៨បន្ទប់ ដោយចំណាយថវិកាប្រមាណជា ៣លានដុល្លារអាមេរិក។ អគារនេះ ប្រើសម្រាប់ពិគ្រោះលើជំងឺក្រៅមានដូចជា ជំងឺភ្នែក ជំងឺត្រចៀក ច្រមុះ បំពង់ក និងជំងឺប្រព័ន្ធប្រសាទជាដើម៕