(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ តំណាងនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោពលខេមរភូមិន្ទ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ និងសម្ពោធសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំនូវការផ្តាំផ្ញើការសាកសួសុខទុក្ខដល់នាយទាហាន ពលទាហាន បញ្ជាការដ្ឋាន កាំភ្លើងធំអគ្គបញ្ជាការទាំងអស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអគ្គបញ្ជាការ ព្រមទាំងក្រសួងការពារជាតិផងដែរ។
នាយឧត្តមសេនីយ៍ បានថ្លែងនូវការកោតសរសើរដល់លោកឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ បណ្ឌិត ណុប រតនា នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការ បញ្ជាដ្ឋានកាំភ្លើងធំ ដែលបានយកចិត្តទុកដាក់គ្រប់គ្រងថែរក្សាគ្រឿងចក្រ សម្ភារៈ ដឹកនាំអង្គភាព បានរីកចម្រើនយ៉ាងខ្លាំងមកដល់ពេលនេះ។
បើតាមនាយឧត្តមសេនីយ៍ ក្នុងកាលៈទេសៈប្រទេសជាតិកម្ពុជា មានសុខសន្តិភាពកងយោធពលខេមរភូមិន្ទ ខិតខំពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងជាមួយដៃគូសន្តិសុខបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីជំរុញការអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធ កសាងសមត្ថភាពយោធាលើគ្រប់វិស័យ ទាំងការអភិវឌ្ឍធនធានមនុស្ស ការបង្កើនសមត្ថភាព ការធ្វើទំនើបកម្ម ការបំពាក់បច្ចេកវិទ្យាសមស្រប ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងការកសាងជួរមន្ត្រីយោធាវ័យក្មេង សម្រាប់បន្តវេននាពេលអនាគត។
នាយឧត្តមសេនីយ៍ បញ្ជាក់ថា «កងទ័ពជាខ្ញុំបម្រើដាច់ថ្លៃ របស់ប្រជាជន កងទ័ពត្រូវមានសេចក្តីថ្លៃថ្នូរឈរជើងកន្លែងណា ត្រូវធ្វើអំពើល្អចេះជួយប្រជាជន ទើបទទួលបានការស្រលាញ់គាំទ្រ ពីប្រជាជនដែលរស់នៅជុំវិញខ្លួន»។
ជាមួយគ្នានេះ លោក ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបរបស់សម្តេចតេជោ ហ៊ុនសែន បាននិងកំពុងបន្តសម្រេច បានជោគជ័យ ក្នុងការបង្កើតឡើងសមិទ្ធផលធំៗជាច្រើនថែមទៀត តាមរយៈគោលដៅយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ចេញក្នុងនោះជោគជ័យ នៃកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពង្រឹងស្ថិរភាពនយោបាយ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវ កំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសជាតិ វឌ្ឍនភាពល្អ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយ ប្រទេសជិតខាង ដើម្បីកសាងព្រំដែនមួយ ច្បាស់លាស់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
អគ្គមេបញ្ជាការរងរូបនេះ គូសបញ្ជាក់ថា ទោះជាត្រូវលះបង់តម្លៃណាក៏ដោយ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ មិនឲ្យបដិវត្តន៍ នៅលើទឹកដីកម្ពុជាជាដាច់ខាត ហើយនាយទាហាន ពលទាហាន និងក្រុមគ្រួសារកងទ័ព ត្រូវស្វែងយល់កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ក្នុងន័យបំផ្លាញសុខសន្តិភាពដែលទទួលបានយ៉ាងលំបាក។
នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូននាយទាហាន ពលទាហាន ចំនួន៥០០នាក់ ឧបត្ថម្ភថវិកាម្នាក់ៗ៣ម៉ីនរៀល, ក្រុមប្រឹក្សា ឃុំ យុវជនឃុំ មេភូមិ៣៣នាក់ ក្នុងម្នាក់ៗ៤ម៉ឺនរៀល និងនាំយកសម្ភារៈជូន
បញ្ជាការដ្ឋានកាំភ្លើងធំ អបក រួមមាន៖ អង្ករ៥តោន, មី១០០កេស, ទឹកបរិសុទ្ធ១០០កេស, ទឹកក្រូច១០០កេស, ស្រាបៀ១០០កេស, ត្រីខ២០កេស និងថវិកា២០លានរៀល៕