(ភ្នំពេញ)៖ កីឡាករប្រដាល់ល្បីៗ ៣សាសន៍ ដែលរួមមាន កម្ពុជា ថៃ និងឡាវ នឹងប៉ះគ្នាជារៀងរាល់ថ្ងៃសុក្រ ចាប់ពីសប្តាហ៍ក្រោយនេះតទៅ នៅក្នុង កម្មវិធីមួយ ដែលបង្កើតឡើងដោយក្រុមហ៊ុនគូបូតា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន។
កម្មវិធីប្រដាល់ក្បាច់គុនបុរាណខ្មែរ «គូបូតា ធ្វើឲ្យការងារកសិកម្មប្រសើរឡើង នំាមកជូន ជើងឯកប្រដាល់លេខ ១ គូបូតា» ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី១២ ខែមករា កន្លងទៅនេះ ដើម្បីនាំទស្សនិកជន បានទស្សនាម្តងទៀត ជាមួយកម្មវិធីប្រដាល់បុរាណខ្មែរ។
អ្នកសេ្នហាកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរទាំងអស់ អាចទស្សនាការប្រកួតនេះ នៅរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧ យប់ ដល់ម៉ោង ៩ យប់ នៅសង្វៀនបាយ័នស្ទឹងមានជ័យ ឬអាចទស្សនាតាមរយៈការផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន។ កំពូលកីឡាករ ខ្មែរ-ថៃ-ឡាវ ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ទាំង ៨ រូបរួមមាន៖ ពេជ្រ ម្ទេសខ្មាំង (ខ្មែរ) សុខ ធី [កាកា] (ខ្មែរ) ឡុង ជិន (ខ្មែរ) ចាន់ ស៊ីណាត (ខ្មែរ) រឿនថៃ ដាបផុង (ថៃ) ប៊កបាន លុកមឿងពិច (ថៃ) ក្រូពិច ស៊ិត ចាឆាត (ថៃ) និង ថាណាប់ពិច យាម៉ាមួយថៃ (ឡាវ)។
នៅក្នុងសន្និសីទសារព័ត៌មាននេះ ក៏មានការថ្លែងសុន្ទរកថាពីអ្នកតំណាងក្រុមហ៊ុន គូបូតា ស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន និងសហព័ន្ធកីឡាប្រដាល់កម្ពុជាផងដែរ។
លោក ឆាលឺមឆៃ គីទីប៊ុនតន អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន គូបូតា បានថ្លែងថា «គោលបំណងសំខាន់ ដែលយើងបានបន្តឧបត្ថម្ភទាំងស្រុង លើកម្មវិធីប្រដាល់នេះអស់រយៈពេល ៥ ឆ្នាំជាប់ៗគ្នាគឺដើម្បីលើកស្ទួយដល់ក្បាច់គុនបុរាណខ្មែរឲ្យកាន់តែមានភាពល្បីល្បាញបំផុតសម្រាប់ប្រជាជនកម្ពុជា ជាពិសេសកសិករ និងអ្នកស្នេហាកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរទាំងអស់។ កីឡាករក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាមទាំងនេះនឹងធ្វើការប្រកួត យ៉ាងស្វិតស្វាញ ក្តៅគគុក និងកាន់តែអស្ចារ្យដើម្បីបំពេញនូវការទទូចចង់បានរបស់អ្នកគាំទ្រទាំងអស់។ លើសពីនេះទៅទៀត យើងក៏មានគោលបំណង ដើម្បីលើកទឹកចិត្តដល់ អ្នកជំនាន់ក្រោយឲ្យបន្តវេន ក៏ដូចជាថែរក្សាក្បាច់គុនបុរាណខ្មែរដ៏មានតម្លៃមួយនេះផងដែរ»។
លោក ម៉ិល កាដូ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការជំរុញវិស័យកីឡាប្រដាល់នៅកម្ពុជា៕