(ឧត្តរមានជ័យ)៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះមកប្រគល់ផ្ទះមួយខ្នង ជូនគ្រួសារសពអតីតយុទ្ធជនឈ្មោះ អាន អឿន ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ផ្ទះខាងលើនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ហើយដោយមើលឃើញការខ្វះខាត នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត ជូនគ្រួសារសពអតីតយុទ្ធជនខាងលើនូវគ្រែ អង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ និងថវិកាចំនួន ៦០,០០០រៀល ក្នុងនោះ បានផ្តល់ថវិកាជូនប្រជាពលរដ្ឋ លោកយាយ លោកតា ដែលរស់នៅជិតខាង ចំនួន៣៥គ្រួសារ ម្នាក់ៗទទួលថវិកា ចំនួន២០,០០០ រៀលបន្ថែមទៀត។
សូមបញ្ជាក់ថា បងប្អូនអតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស តែងតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីថ្នាក់ដឹកនាំសមាគមដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងនាយឧត្តមសេនីយ៍ គន់ គីម ជាអគ្គលេខាធិការ ហើយបានផ្តល់ជាទីជំរក និងគ្រឿងឧបភោគបរិភោគជាប្រចាំជូនពួកគាត់ មិនឲ្យខ្វះខាតនោះទេ៕