(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំប្រតិភូក្រសួងទេសចរណ៍ ធ្វើដំណើរទស្សនកិច្ចនៅខេត្តយូណា ប្រទេសចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែមករា ឆ្នាំ២០១៨ ដើម្បីបំពេញកិច្ចការមួយចំនួន ក្នុងនោះក្រសួងទេសចរណ៍កម្ពុជា ក៏នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ ជាមួយវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណានផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូក្រសួងទេសចរណ៍ នឹងជួបពិភាក្សាជាមួយគណៈកម្មការអភិវឌ្ឍទេសចរណ៍ខេត្តយូណាន និងថ្នាក់ដឹកនាំខេត្តយូណាន លើកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍រវាងកម្ពុជា និងខេត្តយូណាន។ ក្នុងដំណើរទស្សនកិច្ចនោះផងដែរ ប្រតិភូក្រសួងទេសចរណ៍កម្ពុជា នឹងបន្តដំណើរទៅកាន់ទីក្រុងតាលី និងជួបពិភាក្សាជាមួយនឹងវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈ ខេត្តយូណាន ដែលជាវិទ្យាស្ថានទេសចរណ៍ដ៏ធំ ប្រចាំខេត្តភាគខាងត្បូងមួយនេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចស្ដីពីកិច្ចសហប្រតិបត្តិការ ជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន»។
គួរកត់សម្គាល់ថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិ ៥.៦លាននាក់ កើនឡើង ១១.៦% ក្នុងនោះទេសចរចិនស្ថិតក្នុងលំដាប់ថ្នាក់ទី១ មានជាង១.២លាននាក់ កើនឡើង ៤៦%។
បើតាមការព្យាករណ៍ នៅឆ្នាំ២០២០ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិអាចនឹងមានដល់ ៧លាននាក់ បង្កើតឱកាសការងារបានជិត១លាននាក់។ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ បានដាក់ចេញផែការយុទ្ធសាស្ត្រអភិឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧-២០២៥។
សូមជម្រាបដែរថា បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៥ក្រុមហ៊ុន (កម្ពុជាមាន៣ក្រុមហ៊ុន និងចិនមាន១២ក្រុមហ៊ុន) ដែលបានធ្វើប្រតិបត្តិការហោះហើរទៀតងទាត់ ទៅមកកម្ពុជា-ចិន-កម្ពុជា ក្នុងនោះមានចំនួន ១៥៥ជើង ក្នុងមួយសប្ដាហ៍ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិសៀមរាប ៨២ជើង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៧០ជើង និងអាកាសយានដ្ឋានអន្តរជាតិកងកេង ៣ជើង ក្នុងមួយសប្ដាហ៍ ព្រមទាំងជើងហោះហើយពិសេសប្រមាណ ៥០ជើង ក្នុងមួយសប្ដាហ៍ទៀត៕