(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង នៅចំណុចទល់មុខអនុវិទ្យាល័យ កំពង់ស្វាយ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បណ្តាលឱ្យខ្ទេចខ្ទីគ្មានសល់ នៅតែសសរផ្ទះ។
របាយការណ៍របស់ កងរាជអាវុធហត្ថនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលត្រូវអគ្គីភ័យលេបត្របាក់នេះ មានទំហំ ៩ម៉ែត្រ×១២ម៉ែត្រ ធ្វើអំពីឈីប្រក់សង្ក័សី។ អគ្គិភ័យនេះបានបំផ្លាញសម្ភារៈ និងថវិកាមួយចំនួន រួមមានប្រាក់បាត ២០ម៉ឺនបាត ទូរទស្សន៍ ០៦គ្រឿង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះខូចខាតទាំងស្រុង។ ម្ចាស់ផ្ទះខាងលើ មានឈ្មោះ ចេង រត្ន័ ភេទប្រុសអាយុ ៤១ឆ្នាំ រស់នៅភូមិ និងសង្កាត់កើតហេតុ។
សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះ ក៏មានការអន្តរាគមពន្លត់ដោយ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ២០នាក់ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សហការជាមួយកំម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងអង្គភាពពន្លត់អគី្គភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគី្គភ័យចំនួន ០២គ្រឿងផងដែរ៕