(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី១៤ ខែមករា ឆ្នាំ២០១៨នេះ ក្រសួងមហាផ្ទៃ បានរៀបចំការប្រឡងជ្រើសរើសមន្ដ្រីក្របខ័ណ្ឌពន្ធនាគារ សម្រាប់ឆ្នាំ២០១៧ ចំនួន៣៥០នាក់ ប៉ុន្ដែការប្រឡងថ្ងៃនេះ មានបេក្ខជន បេក្ខនារី រហូតទៅដល់៣,៧៥៧នាក់។
យោងតាមលិខិតរបស់លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការកណ្ដាលរៀបចំការប្រឡង បានបញ្ជាក់ថា មន្ដ្រីក្របខ័ណ្ឌពន្ធនាគារក្រសួងមហាផ្ទៃ ដែលត្រូវជ្រើសរើសសម្រាប់ឆ្នាំ២០១៧ ដែលប្រឡងនៅថ្ងៃនេះ នឹងត្រូវបំពេញឲ្យចូលបម្រើការងារនៅ មណ្ឌលអប់រំកែប្រែទី១, ទី២, ទី៣, ទី៤, ពន្ធនាគារខេត្តកណ្ដាល, ខេត្តកំពង់ចាម, ខេត្តបាត់ដំបង, ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។
យោងតាមលិខិតរបស់លោក ប៉ាវ ហមផាន បេក្ខជនដែលបានដាក់ពាក្យប្រឡងមានរហូតទៅដល់ ៣,៧៥៧នាក់ ក្នុងនោះបេក្ខនារី ចំនួន១,៣៣១នាក់ ប៉ុន្ដែជ្រើសរើសត្រឹម៣៥០នាក់ ក្នុងនោះបេក្ខនារី៥៦នាក់។ សម្រាប់មុខវិជ្ជាដែលត្រូវប្រឡង គឺវិញ្ញាសារចំណេះដឹងទូទៅ, ចំណេះដឹងលើវិស័យពន្ធនាគារ និងគណិតវិជ្ជា ហើយវិជ្ជាសារទី២ តែងសេចក្ដី ឬការសរសេរលិខិតរដ្ឋបាល៕