(ព្រះវិហារ)៖ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង ដល់សិស្សានុសិស្សឲ្យយល់ដឹង ពីការដាំដុះបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀត មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រះវិហារ បាននាំពូជបន្លែ និងសម្ភារគាំទ្រការដាំដុះជាច្រើន យកទៅបង្រៀនដល់សិស្សក្នុងឱកាសចុះសួរសុខទុក្ខ សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅសាលាឋមសិក្សា អនុវិទ្យាលយ័ វិទ្យាល័យ នៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះថា នៅថ្ងៃទី១៣ ខែមករាម្សិលមិញ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ រួមជាមួយយុវជន ស.ស.យ.ក បានចុះសួរសុខទុក្ខសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ប្រមាណ៦០០នាក់ ហើយការជួបជុំសំណេះសំណាលក្នុងឱកាសនោះ គឺផ្តោតសំខាន់លើការជំរុញការងារកសិកម្មដាំដុះ ឲ្យសិស្សចាប់អារម្មណ៍ និងចេះដាំដុះចាប់ពីកំរិតយុវជនរៀន នៅតាមអនុវិទ្យាល័យ ដល់យុវជនរៀននៅតាមវិទ្យាល័យ។
លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ទៀតថា ការចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សក្នុងឱកាសនោះ មន្ទីរកសិកម្មបាននាំនូវពូជបន្លែគ្រប់ប្រភេទ និងសម្ភារៈកសិកម្មគាំទ្រដល់ការដាំដុះ និងសម្ភារៈសិក្សា និងថវិកាមួយចំនួនទៀត សម្រាប់ចែកជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។
លោក ពឹង ទ្រីដា ក៏បានថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបង្រៀនសិស្ស និងផ្តល់ភាពកក់ក្តៅ ដល់សិស្សានុសិស្សទាំងអស់ផងដែរ ហើយលោកក៏បានធ្វើការណែនាំផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕