(កំពង់ធំ)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានប្រាប់ឲ្យប្រធានគណបក្សក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ ដែលទើបឡើងកាន់មុខតំណែងថ្មី ដែលនៅជិតជាមួយប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ជួយប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាពរបស់ខ្លួន។
ការថ្លែងបែបនេះ របស់លោកអភិបាលខេត្តធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ ក្នុងពិធីសំណេះសំណាលជាមួយ មេឃុំ ចៅសង្កាត់ ទើបឡើងកាន់មុខតំណែងថ្មី ចំនួន៤១នាក់ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូល។
លោក សុខ លូ ក៏បានណែនាំទៀតថា ត្រូវគោរពតាមតួនាទីរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយមិនមានការប្រកាន់បក្សពួក ឬនិន្នាការនយោបាយអ្វីឡើយ ត្រូវផ្តោតការយកចិត្តទុកដាក់ចុះមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋសាកសួរសុខទុក្ខ ស្តាប់បញ្ហា និងសំណូមពរ ជួយដល់ពួកគាត់ឲ្យអស់ពីសមត្ថភាព ការផ្តល់សេវាសាធារណៈរាល់ការពិភាក្សាការងារមតិភាគតិច ត្រូវគោរពមតិភាគច្រើន សមូហភាពដឹកនាំ តែបុគ្គលជាអ្នកទទួលខុសត្រូវ សមាជិកម្នាក់ៗត្រូវគោរពអង្គការចាត់តំាង ថ្នាក់ក្រោមត្រូវគោរពថ្នាក់លើ។
លោកបន្ថែមទៀតថា ការរំលាយគណបក្សសង្រ្គោះជាតិចោល ដោយតុលាការកំពូល មិនមែនមកពីអ្នកណានោះទេ គឺមកពីមេបក្សសង្រ្គោះជាតិខ្លួនឯង ដែលមានគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ក្បត់ពាក្យសម្បថ និងឃុបឃិតជាមួយបរទេសចង់បង្កើតបដិវត្តន៍ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
ដូច្នេះស្របពេលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោល សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តាំផ្ញើដល់បងប្អូនទំាងអស់ ខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋកើនឡើងទ្វេដង រួមគ្នាបម្រើប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែប្រសើរឡើងថែមទៀត៕