(អាហ្វ្រិក)៖ ការប្រមាថបណ្ដាប្រទេសអាហ្វ្រិកជាប្រទេស «សំរាម» របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កជាភាពចម្រូងចម្រាស់យ៉ាងខ្លាំងនៅលើប្រព័ន្ធ ផ្សព្វផ្សាយបរទេសជាច្រើន ខណៈអ្នកខ្លះថានេះគឺជាការប្រមាថពូជសាសន៍យ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨។
ការលើកឡើងរបស់លោក ត្រាំ ត្រូវបានបណ្ដាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានចុះផ្សាយនៅលើទំព័រមុខរបស់ខ្លួនដោយមានអ្នកខ្លះចាត់ទុកថា វាគឺជាការរើសអើង ពូជសាសន៍យ៉ាងធ្ងន់ធ្ងរ។ ជាក់ស្ដែងជុំវិញភាពចម្រូងចម្រាស់នេះដែរ សារព័ត៌មានបរទេសធំៗមាន The Time, Der Spiegel និង New Yorker បានរិះគន់យ៉ាងខ្លាំង ចំពោះការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ដែលនឹងត្រូវប្រារព្ធខួបមួយឆ្នាំនៃការស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។ កាសែតអាល្លឺម៉ង់ Der Spiegel បានប្រើប្រាស់រូបភាពរបស់លោកត្រាំ ដើម្បីបង្ហាញពីការវិវត្តន៍របស់មនុស្សដោយចាត់ទុកថា លោកត្រាំ មានការអភិវឌ្ឍន៍តិចតួចជាង មនុស្សបុរ៉េប្រវត្តិទៅទៀត ចំណែកឯកាសែត New Yorker បានពិពណ៌នានារូបលោកនៅក្នុង រណ្ដៅមួយដែលមិនអាចមើលឃើញ ឬស្វែងយល់ពីពិភពខាងក្រៅ។
គួរបញ្ជាក់ថា ភាពចម្រូងចម្រាស់បានផ្ទុះឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា នៅក្នុងជំនួបជាមួយក្រុមសមាជិកព្រឹទ្ធសភាអាមេរិកស្ដីពីជនអន្តោប្រវេសន៍នាពេលថ្មីៗនេះ លោកដូណាល់ ត្រាំ បានសួរថាតើហេតុអ្វីបានជាសហរដ្ឋអាមេរិក ត្រូវទទួលជនអន្តោប្រវេសន៍មកពីប្រទេសហៃទី និងបណ្ដាប្រទេសកខ្វក់ជាច្រើនទៀតនៅអាហ្វ្រិក៕