(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ អញ្ជើញកាត់បើកវិញ្ញាសាប្រឡងក្របខណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ នៅស្ថិតនៅវិទ្យាល័យ ១០ មករា ១៩៧៩ ដែលមានបេក្ខជនសរុប៦៨៧នាក់ ក្នុងនោះស្រី២៨៧នាក់ ចូលរួមប្រឡង។
លោក ឃឹម ប៊ុនសុង បានថ្លែងថា បេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឲ្យទទួលបាននូវជោគជ័យ។ លោកបានបន្តថា ការខិតខំប្រឹងប្រែងរបស់ប្អូនៗ គឺដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិផង ដូចនេះត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីឲ្យការប្រឡង ទទួលបានលទ្ធផលល្អប្រសើរ ដែលជាធនធាន ដ៏មានតម្លៃសម្រាប់សង្គមជាតិ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវប្រឡងត្រូវអនុវត្តតាមទៅបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ មិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាសវិញ្ញាសា និងឧបករណ៍អេឡិចត្រូនិចមិនត្រូវយកចូល ក្នុងបន្ទប់ប្រឡងបានឡើយ៕