(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។
ក្រៅពីការសួរសុខទុក្ខ ដើម្បីសម្រួលដល់ធ្វើដំណើររបស់សិស្សានុសិស្ស លោកស្រីអភិបាលខេត្ត បានផ្តល់នូវអំណោយទូក និងម៉ាស៊ីន ០១គ្រឿង ជូនដល់សាលាបឋមសិក្សាកោះកុងក្នុង សម្រាប់ដឹកជញ្ជូនសិស្សានុសិស្ស ទៅសិក្សាពីត្រើយម្ខាងទៅត្រីយម្ខាង ដើម្បីបង្កើនចំណេះដឹង និងបង្កើនធនធានមនុស្ស។
លោកស្រី មិថុនា ភូថង បានថ្លែងថា ដោយមើលភាពលំបាករបស់លោកគ្រូអ្នកគ្រូ ប្អូនៗក្មួយៗ ពិបាកក្នុងធ្វើដំណើរឆ្លងទឹកទៅសាលារៀន ដើម្បីសិក្សាចំណេះដឹង ថ្ងៃនេះក្នុងនាមជាអាជ្ញាធរខេត្ត បានផ្តល់ទូកម៉ាស៊ីន១គ្រឿង ជូនដល់សាលាដើម្បីជាមធ្យោយបាយដឹកប្អូនៗក្មួយៗ ទៅបំពេញការសិក្សា ដើម្បីក្រេបចំណេះវិជ្ជាពីសាស្រ្តាចារ្យ និងដើម្បីបង្កើនធនធានមនុស្ស ឲ្យមានភាពរីកចម្រើនដើម្បីអភិវឌ្ឍខ្លួនឯងផង អភិវឌ្ឍន៍ប្រទេសផង។
លោកស្រីបានបន្តថា សិស្សានុសិស្សទាំងអស់ត្រូវដឹងថា ទាំងអស់គ្នានេះហើយជាទំពាំងស្នងឬស្សី ជាសសរទ្រូងនៃប្រទេសជាតិ ហេតុដូច្នេះត្រូវខិតខំរៀនសូត្រ ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿនញៀនវាធ្វើឲ្យខូចអនាគតទៅថ្ងៃមុខ៕