(ភ្នំពេញ)៖ អតីតសមាជិកបក្សប្រឆាំងប្រមាណ៥០នាក់ ដែលសុទ្ធសឹងតែជាបក្ខពួករបស់ លោក កឹម សុខា បានចេញសេចក្តីប្រកាសភ្លាមៗ ប្រឆាំងចំពោះចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ ក្រុមរបស់ទណ្ឌិត សម រង្ស៊ី។ ជាមួយគ្នានេះ អតីតសមាជិកបក្សប្រឆាំងទាំងនោះបានអះអាងថា ពួកគេនឹងមិនចូលរួម ជាមួយចលនានេះនោះឡើយ។
អតីតគណបក្សប្រឆាំងទាំងនោះ គេឃើញមានអតីតតំណាងរាស្រ្ត៣រូបផងដែរ ក្នុងនោះមាន លោក សួន រីដា លោក ង៉ោ គឹមជាង និង លោក ពិន រតនា។ ក្រៅពីនោះ ភាគច្រើន អតីតសមាជិកបក្សប្រឆាំងនៅក្រៅប្រទេស។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក្រុមអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិមួយចំនួន បានចេញសេចក្តីថ្លែងការណ៍បង្កើតចលនាមួយឈ្មោះ «ចលនាសង្គ្រោះជាតិ»។ សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ចលនានេះបង្កើតឡើង ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ទាមទារឲ្យមានការដោះលែង លោក កឹម សុខា និងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ ចលនានេះដឹកនាំដោយ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ, លោកស្រី ជូឡុង សូមូរ៉ា ជាដើម។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ បានថ្លែងថា ចលនាដែលបង្កើតឡើងដោយ អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេសនោះ គឺចលនាឧទ្ទាម ហើយអ្នកដែលចូលរួមបង្កើតចលនានេះ គឺជាអ្នកប្រព្រឹត្តបទល្មើសច្បាប់ យ៉ាងធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់៕