Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានបក្សយុវវជន៖ ពលរដ្ឋណា ចូលរួមចលនា សម រង្ស៊ី ពលរដ្ឋនោះនឹងយកទុក្ខដាក់ខ្លួន ឯ សម រង្ស៊ី តែងតែរួចខ្លួនជានិច្ច

14-01-2018 13:51

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ បានរំលឹកថា ពលរដ្ឋណាមួយដែលចូលរួម ចលនាជាមួយលោក សម រង្ស៊ី ពលរដ្ឋនោះនឹងយកទុក្ខដាក់ខ្លួនជាមិនខាន ចំណែកលោក សម រង្ស៊ី តែងតែរួចខ្លួនជានិច្ច។

ការលើកឡើងរបស់ លោក ពេជ្រ ស្រស់ គឺជាការឆ្លើយតបទៅនឹងការបង្កើតចលនាថ្មីរបស់ លោក សម រង្ស៊ី ដែលមានឈ្មោះថា «​ចលនា​សង្គ្រោះ​ជាតិ» ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅក្រៅប្រទេស។ ចលនានេះដឹកនាំដោយ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ, លោកស្រី ជូឡុង សូមូរ៉ា ជាដើម ដោយមានគោលបំណង ទាមទារ​ឲ្យមាន​ការដោះលែង លោ ក​កឹម ​សុខា និង​ទាមទារ​ឲ្យមាន​ការបោះឆ្នោតដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​។ ​

លោក ពេជ្រ ស្រស់ បានយល់ឃើញថា ការបង្កើតចលនាខុសច្បាប់បែបនោះ គឺជាការនាំទុក្ខដាក់ខ្លួនមួយកម្រិតទៀត ខណៈដែល លោក សម រង្ស៊ី កំពុងមានរឿងនៅតុលាការរាប់មិនអស់។

លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកសម រង្ស៊ី កំពុងតែអន្ទងពលរដ្ឋខ្មែរឲ្យធ្លាក់ ក្នុងសំណាញ់ច្បាប់តាមរយៈការធ្វើកិច្ចការសង្គម ក្រៅក្របខណ្ឌ នៃច្បាប់ក្នុងស្រុក បើសិនជាមាន ពលរដ្ឋខ្មែរណាមួយ ចូលរួមចលនារបស់លោក សម រង្ស៊ី ពិតមែន ពលរដ្ឋនោះនឹងយកទុក្ខដាក់ ខ្លួនជាក់ជាមិនខានឡើយ ហើយវាសនាលោក សម រង្ស៊ី តែងតែរួចខ្លួនជានិច្ច»

សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ចលនាដែលបង្កើតឡើងដោយ អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេសនោះ គឺចលនាឧទ្ទាម ហើយអ្នកដែលចូលរួមបង្កើតចលនានេះ គឺជាអ្នកប្រព្រឹត្តបទល្មើសច្បាប់ យ៉ាងធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់៕