(កំពត)៖ ជនសង្ស័យពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀន ប្រុសស្រីចំនួន៦នាក់ និងវត្ថុតាងថ្នាំញៀន១៤កញ្ចប់ ត្រូវកម្លាំងនគរបាលបង្ក្រាបបានក្នុង៣ករណីផ្សេងគ្នា នៅស្រុកទឹកឈូ និងក្រុងកំពត នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។
វរៈសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះថា ករណីទី១៖ នៅព្រឹកថ្ងៃទី១៣ ខែមករា កម្លាំងសហការខាងលើបានចុះបង្ក្រាប នៅចំណុចភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបាន ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង និងថង់សម្រាប់វិចខ្ចប់ថ្នាំញឿនមួយចំនួន។
ករណីទី២៖ នៅរសៀលថ្ងៃដដែលកម្លាំងចុះបង្ក្រាប នៅចំណុចភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ និងដកហូត ថ្នាំញៀនចំនួន៥កញ្ចប់។ ករណីទី៣៖ នៅពេលល្ងាចកម្លាំងបង្ក្រាបនៅចំណុច ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដកហូតបានថ្នាំញឿនចំនួន០៩កញ្ចប់។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើ កម្លាំងនគរបាលជំនាញកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕