(កណ្តាល)៖ ​ប្រជាពលរដ្ឋរស់នៅភូមិទួលក្រសាំង ឃុំ​រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បាននាំគ្នាប្រមូលផ្តុំធ្វើការតវ៉ានៅចំណុចដីបឹងទឹកជោ និង​បានដកបង្គោលចេញ ខណៈឈ្មួញមានអំណាចម្នាក់ដែលគេស្គាល់ថា មានតួនាទីជាមន្រ្តីរាជការថ្នាក់ឧត្តមមន្ត្រី ហើយប្រជាពលរដ្ឋតែងហៅ លោក នួន សុន នោះ​បានប្រើកម្មកររបស់ខ្លួនជីកដាំបង្គោលដើមស្មាច់ វាទបំពានរំលោភយកដីពួកគាត់ ដែលបានអាស្រ័យផលតាំងពីឆ្នាំ១៩៨០​មកម្ល៉េះ។

​ក្រោយពីធ្វើការតវ៉ា និងបានដកបង្គោលចេញអស់ហើយ ប្រជាពលរដ្ឋក៏បាននាំគ្នាធ្វើដំណើរទៅសាលាឃុំ​ដើម្បីប្តឹងអាជ្ញាធរឲ្យជួយអន្តរាគមន៍ ទប់ស្កាត់កុំឲ្យអ្នកមានអំណាចរូបនេះ ប្រើកម្មករលួចបោះបង្គោលរំលោភបំពានយកដីពួកគាត់ នៅពេលដែលពួកគាត់មិនបាននៅឃ្លាំមើល​។

ប្រជាពលរដ្ឋនិយាយថា ដីនេះកាលពីមុន​ប្រជាពលរដ្ឋបានអាស្រ័យផលដូចជា ដាំត្រសក់ ដាំឪឡឹក និងបានដាំដំណាំផ្សេងៗទៀត ហើយក្រោយមក ឈ្មោះ យស់ សុគន្ធារី បានទិញយកទាំងអស់​ ហើយបានបើកផ្លូវតែ៥០ម៉ែត្រ ក្នុងប្រវែងក្បាលដីប្រមាណ៣០០ម៉ែត្រ នៅចំណុចខាងកើត នៃទំហំក្បាលដីនៅជាប់ផ្លូវប៉ុណ្ណោះ ហើយក្រោយមកគាត់លក់ឲ្យឈ្មោះ នួន សុន ស្រាប់តែគាត់មកព័ទ្ធយកពីមុខទៀត ក្នុងនោះមានដីរបស់ពួកគាត់ផងដែរ​។

បើតាមពលរដ្ឋ ដីនេះកន្លងមក ពួកគាត់បានបោះបង្គោលតូចៗទាំងអស់គ្នា ស្រាប់តែត្រូវគេដក់ចោល បន្ទាប់មកឈ្មោះ នួន សុន ​បានដាក់គ្រឿងចក្រ​ជីកកាយប្រឡាយថ្មី ចង់លុបប្រឡាយចាស់ (ខ្លះហៅថាស្ទឹង) ដោយ​និយាយ​ថា ដីនេះ ជាដីរបស់ខ្លួន។ ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមថា ដីរបស់ពួកគាត់ គឺបានអាស្រ័យផលតាំងពីឆ្នាំ ១៩៨៥​មកម្ល៉េះ ហើយមានអ្នកខ្លះលក់ឲ្យបន្តឲ្យប្រជាពលរដ្ឋផ្សេងទៀត អ្នកខ្លះមិនទាន់លក់ឲ្យគេទេ រហូតមកបច្ចុប្បន្ន ហើយពួកគាត់ក៏មិនទាន់លក់ឲ្យឈ្មោះ នួន សុន នៅឡើយដែរ​ស្រាប់តែ ឈ្មោះ​ នួន ​សុន បានប្រើប្រាស់កម្មករមកដាំបង្គោលវាទរំលោភយកដីពួកគាត់​។

​​ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ ភូមិ សង្កាត់ ស្រុក ខេត្ត ឲ្យជួយដោះស្រាយជូនពួកគាត់ ព្រោះឈ្មោះ នួន សុន ​មិនមកដោះស្រាយទេ គែបានយកគ្រឿងចក្រព័ទ្ធទំនប់ កាយព្រុំ បោះបង្គោលរំលោភយកតែម្តង​។

លោក ស៊ិន ថុល ប្រធានភូមិទួលក្រសាំង បានបញ្ជាក់ថា ដីនេះជាដីរបស់ប្រជាពលរដ្ឋដែលបានអាស្រ័យផលកន្លងមក គឺមិនដែលទំនេរទេ។ លោកបានសំណូមពរឲ្យឈ្មោះ នួន សុន គួរដោះស្រាយជូនប្រជាពលរដ្ឋ ពីព្រោះដីនេះពិតមែនតែដីរបស់រដ្ឋ នៅជាប់ផ្លូវប្រាកដមែន តែពួកគាត់អាស្រ័យផលរហូតមក ហើយបែរជាមកដាំបង្គោលរំលោភយកដីប្រជាពលរដ្ឋមិនបានទេត្រូវតែដោះស្រាយជូនពួកគាត់​។

លោក ឈឿន ឆូ មេឃុំ រកាខ្ពស់ ក៏បានប្រាប់ប្រជាពលរដ្ឋថា លោកនឹងហៅភាគីទាំងសងខាងមកដោះស្រាយនៅថ្ងៃ​ទី​១៥ ខែមករាស្អែកនេះ ហើយលោកក៏បានស្នើឲ្យប្រជាពលរដ្ឋយកឯកសារពាក់ព័ន្ធមកជាមួយ តែបើគ្មានឯកសារសូមឲ្យជាពលរដ្ឋនាំសាក្សីរស់ ដើម្បីបញ្ជាក់ពីប្រវត្តិ នៃការកាន់កាប់ដីអាស្រ័យផលរបស់ខ្លួន​៕