(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ បានប្រកាសថា សម្តេចគាំទ្រចំពោះ ការប្រកួតប្រជែង អាជីវកម្មដោយស្មើភាពគ្នា ហើយមិនការពារក្រុមហ៊ុនមួយ ដោយសម្លាប់ក្រុមហ៊ុនមួយទៀតនោះទេ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជារត់ម៉ូតូឌុប ម៉ូតូកង់បី និងរត់តាក់ស៊ីជាដើមសរុបជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កន្លងទៅកាលពីជំនាន់លោកស្រី ហ៊ូ នន ជារដ្ឋមន្រ្តីក្រសួងឧស្សហកម្ម, លោកស្រីបានស្នើប្រឹក្សារដ្ឋមន្រ្តី លុបចោល សិប្បកម្មផលិតសំបកកង់ជិះ ហើយមូលហេតុនៃការសុំលុបនេះ ដោយសារតែសិប្បកម្មរដ្ឋនៅតាខ្មៅ លក់ផលិតផលរបស់ខ្លួនមិនដាច់។
សម្តេចបានបញ្ជាក់ថា «ខ្ញុំចង្អុលប្រាប់វិញថា សុខចិត្តឱ្យរោងចក្រនៅតាខ្មៅងាប់ចុះ តែសិប្បកម្មដែលប្រជាជន ត្រូវការសំបកកង់ប្រើប្រាស់ ត្រូវតែរស់តទៅទៀត ធ្វើមិនឈ្នះគេទៅសម្លាប់ សេដ្ឋកិច្ចបែបនេះ មិនមែនជាសេដ្ឋកិច្ចឈ្លៀសវៃទេ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «សព្វថ្ងៃនេះ ខ្ញុំមិនខ្វល់ថា ក្រុមហ៊ុនណាងាប់ ក្រុមហ៊ុនណារស់នោះទេ បើអ្នកឯងមិនពូកែរកស៊ី ងាប់ អាហ្នឹងឱ្យខ្ញុំទៅការពារអ្នកឯងយ៉ាងម៉េច។ ឧទាហរណ៍ វិស័យអាកាសចរណ៍ បើសិនជាទុកឱ្យវិស័យអាកាសចរណ៍មួយផ្តាច់មុខសួរថា យើងគ្រាន់តែបម្រើឱ្យការរស់រានមានជីវិត របស់ក្រុមហ៊ុនអាកាសចរណ៍ មួយតែប៉ុណ្ណោះ ក៏ប៉ុន្តែយើងបែរជាសម្លាប់ វិស័យដឹកជញ្ជូនផ្លូវអាកាស ដែលនាំមកនូវភ្ញៀវទេសចរ សម្រាប់យើង»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា រដ្ឋមានក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរអ៊ែរ (Angkor Air) តែរដ្ឋមិនឱ្យអង្គរអ៊ែរ គ្រប់ដណ្តប់ទីផ្សារដឹកជញ្ជូន របស់កម្ពុជា ហើយបិទក្រុមហ៊ុនដទៃទៀតទេ បច្ចុប្បន្នកម្ពុជាមានជើងហោះហើរជាច្រើន រាបទាំងសិង្ហបុរី (SingAir) បាងកកអ៊ែរវេ ឬក្រុមហ៊ុនច្រើនទៀត។ សម្តេចបញ្ជាក់ថា យន្តហោះទាំងនោះបានចុះចតកម្ពុជារៀងរាល់១៥នាទីម្តង៕