(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្តេចកំពុងមានការសប្បាយចិត្ត និងពេញចិត្តចំពោះការផ្តួចផ្តើមឲ្យមានការដឹកជញ្ជូន តាមផ្លូវទឹកពីព្រែកព្នៅ មកភ្នំពេញ ហើយទៅក្រុងតាខ្មៅ ដោយមានផែចំណតច្រើន។
សម្តេចតេជោនាយករដ្ឋមន្ដ្រី បញ្ជាក់ថា គំនិតបង្កើតឲ្យមានការដឹកជញ្ជូន តាមផ្លូវទឹកពីព្រែកព្នៅ មកភ្នំពេញ ហើយទៅក្រុងតាខ្មៅ គឺជាគំនិតផ្តួចផ្តើម ក្នុងការដោះស្រាយលើបញ្ហាដឹកជញ្ជូន និងការទទួលខុសត្រូវខ្ពស់ផងដែរ។
ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ អញ្ជើញសំណេះសំណាលជាមួយ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជារត់ម៉ូតូឌុប ម៉ូតូកង់បី និងរត់តាក់ស៊ីជាដើមសរុបជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំកំពុងតែសប្បាយរីករាយដោយឃើញគំនិតផ្ដួចផ្ដើមស្ដីអំពីបញ្ហា ការរៀបចំឲ្យមានការដឹកនាំជញ្ជូនផ្លូវទឹក ពីតាខ្មៅ ទៅព្រែកព្នៅ ដោយមានចំណតច្រើន គ្រាន់តែប៉ុណ្ណឹងយើងឃើញថា ការគិតគូរទៅលើស្មារតីនៃការទទួលខុសត្រូវ សម្រាប់ការដោះស្រាយការកក់ស្ទះចរាចរណ៍ វាក៏ជាផ្នែកដ៏សំខាន់ដែរ»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការបង្កើតការដឹកជញ្ជូនថ្មីនេះ នឹងអាចនឹងមានប្រជាពលរដ្ឋធ្វើដំណើរលេងកម្សាន្ដមានចំនួនច្រើន ជាងនេះក៏បង្កើតបាននូវការងារធ្វើ នៅតាមបណ្ដាកំពង់ផែនានាដែលវាក៏ជាការរីកលូតលាស់ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធទៀតហើយ ចំនួនកម្មករ ចំនួនអ្នកដែលអត់ការងារធ្វើក៏ទទួលបានការងារធ្វើ ពីការដែលបង្កើតការដឹកជញ្ជូនតាមផ្លូវទឹកនេះ។
យ៉ាងណាមិញ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានធ្វើការប្រៀបធៀបថា ប្រសិនបើប្រជាពលរដ្ឋធ្វើដំណើរពីក្រុងតាខ្មៅ តាមរថយន្ដហើយឆ្លងកាត់រាជធានីភ្នំពេញ ធ្វើដំណើរយូរជាងតាមផ្លូវទឹក ដូច្នេះហើយការបង្កើតនូវគំនិតនេះឡើង ជារឿងដែលល្អបំផុត។
សូមជម្រាបថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានអះអាងថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក នឹងចាប់ផ្តើមដំណើរការឲ្យបានមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៨នេះ ដើម្បីសម្រួលការធ្វើដំណើរ ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវដឹកសម្រាប់ដឹកអ្នកដំណើរ ដែលនឹងដាក់ឲ្យដំណើរការជាលើកដំបូងនេះ មានកំពង់ផែចំនួន ១៥ទីតាំង ត្រូវបានរៀបចំសម្រាប់ឲ្យការណូតចូលសំចតដឹកអ្នកដំណើរ៕