(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលត្រូវតែធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យគន្ធបុប្ផាដំណើរការបន្ត នឹងបង្កើតមូលនិធិគន្ធបុប្ផាមួយទៀត​នៅកម្ពុជា ហើយសម្តេចនឹងធ្វើប្រធាននៃមូលនិធិនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចនៅពេលអត់លោក Beat Richner ទៅមន្ទីរពេទ្យគន្ធបុប្ផា ដែលព្យាបាលកុមារកម្ពុជារាប់លាននាក់នេះ​ដួលរំលំនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មន្ទីរពេទ្យគន្ធបុប្ផាខ្ញុំសូម​ជម្រាបជូនថា រាជរដ្ឋាភិបាលត្រូវតែបន្ដឲ្យមន្ទីរពេទ្យគន្ធបុប្ផារស់ ជាមួយនឹងការផ្ដល់ចំណែកកាន់តែធំទៅមន្ទីរពេទ្យ មានមូលនិធិគន្ធបុប្ផានៅស្វីសមួយហើយ តែយើងនឹងបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជាមួយទៀត ហើយខ្ញុំនឹងធ្វើប្រធានកិត្តិយស ដើម្បីប្រមូលធនធានឲ្យកាន់តែច្រើនសម្រាប់ឲ្យមន្ទីរពេទ្យគន្ធបុប្ផាដែលព្យាបាលចំនួនកុមារយ៉ាងច្រើន មិនត្រូវថាបាត់លោក Beat Richner មួយមន្ទីរពេទ្យគន្ធបុប្ផាត្រូវដួលរលំនោះទេ»

ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ ​អញ្ជើញសំណេះសំណាលជាមួយ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជារត់ម៉ូតូឌុប ម៉ូតូកង់បី និងរត់តាក់ស៊ីជាដើមសរុបជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលមន្ទីរពេទ្យគន្ធបុប្ផាបានបើកទ្វារផ្តល់សេវាព្យាបាលកុមារមានជំងឺ និងស្រ្តីមានផ្ទៃពោះ។ រយៈពេល២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្រ្តីមានផ្ទៃពោះសរុប ១៦,៨២២,២២៥ករណី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ មន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា រយៈពេល​២៥ឆ្នាំនេះ ខ្លួនចំណាយថវិកាសរុប ៦៣២លានដុល្លារ។ ២៥ឆ្នាំនេះ កុមារមានជំងឺធ្ងន់ធ្ងរចំនួន ១,៨៥៣,៥១០ករណី ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយស្រ្តីមានផ្ទៃពោះ ២៤៥,៥៩១នាក់ បានសម្រាលកូននៅមន្ទីរពេទ្យសម្ភពនៃមន្ទីរពេទ្យជ័យវរ័្មនទី៧ (គន្ធបុប្ផាទី៣)៕