(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ការរក្សាតំណែងជានាយករដ្ឋមន្ដ្រីក្នុងរយៈពេល៣៣ឆ្នាំមកនេះ មិនមែនដោយចុងកាណុង និងអំពើផ្ដាច់ការនោះទេ ពោលគឺដោយសារតែប្រជាពលរដ្ឋជាអ្នកបោះឆ្នោតគាំទ្ររហូតមក។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបក្ស និងជាតិជំនាន់មុន ដែលបានបោះឆ្នោតគាំទ្រសម្តេចធ្វើជានាយករដ្ឋមន្ត្រី ហើយសម្ដេចជឿជាក់ថា នៅអាណត្តិខាងមុខនេះប្រជាពលរដ្ឋនឹងបន្ដបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យសម្ដេចធ្វើជានាយករដ្ឋមន្ដ្រីបន្ដទៀត។
ក្នុងថ្ងៃខួប៣៣ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនដែលមានបំណងចង់ធ្វើជានាយករដ្ឋមន្ត្រីនោះទេ ហើយក៏រកពេលសម្រាកពីតំណែងមិនទាន់បាន ព្រោះតែបញ្ហារបស់ប្រទេសជាតិ ដែលទាមទារឲ្យសម្តេចបន្តដោះស្រាយ។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានរំលឹកផងដែរថា ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលដឹកនាំដោយអំពើផ្ដាច់ការ បានរយៈពេលត្រឹមតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ ហើយ លន់ នល់ ដឹកនាំតាមរបបផ្ដាច់ការ ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវរយៈពេល៣៣ឆ្នាំ ដែលរស់នៅបានរយៈពេល៣៣ឆ្នាំ មិនមែនរស់ដោយសារចុងកាណុងទេ ហើយក៏មិនមែនរស់ដោយអំពើផ្ដាច់ការណាមួយដែរ ផ្ដាច់ការពិតប្រាកដគឺប៉ុល ពត ប៉ុន្ដែប៉ុល ពត ក៏រស់បានត្រឹមតែរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ លន់ នល់ ក៏ផ្ដាច់ការដោយមានការគាំទ្ររបស់កងទ័ពអាមេរិកទៀតផង ប៉ុន្ដែគេរស់ត្រឹម៥ឆ្នាំ សម្រាប់ខ្ញុំឆ្លងកាត់នៅពេលវេលាដ៏លំបាក ដែលចាប់ផ្ដើមពីការយកជីវិតធ្វើដើមទន់»។
ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ អញ្ជើញសំណេះសំណាលជាមួយ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជារត់ម៉ូតូឌុប ម៉ូតូកង់បី និងរត់តាក់ស៊ីជាដើមសរុបជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ៕