(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ អាគាសាលាឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលអំណោយរបស់លោកផ្ទាល់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងឧកញ្ញ៉ា លី យូគៀក។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងទៅកាន់ប្រជាពលរដ្ឋជាងមួយពាន់នាក់ ដោយបាននាំនូវការផ្តាំផ្ញើសាកសួរសុខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ។
បើតាមនាយឧត្តមសេនីយ៍ ប្រទេសកម្ពុជា គឺធ្លាប់បានឆ្លងកាត់នៅភ្លើងសង្គ្រាមធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់ តែក្នុងរយៈពេល៣៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើនទាំងក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស ដូច្នេះត្រូវរក្សាសុខសន្តិភាពនេះឲ្យស្ថិតស្ថេរយូអង្វែង និងការពាដាច់ខាតកុំឲ្យកើតមានសង្គ្រាម។
នាយឧត្តមសេនីយ៍ផ្តាំផ្ញើ ដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់ ត្រូវការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវផ្តល់សេវាសាធារណៈឲ្យបានរហ័សនៅក្នុងមូលដ្ឋាន បន្ថែមជាងនេះ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងឲ្យបានច្រើនបន្ថែមទៀត ក្នុងការសំរួលដល់ការរស់នៅរបស់ពលរដ្ឋឲ្យមានជីវភាពធូធារ។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋចូលរួម ទទួលបានសារ៉ុងម្នាក់១ និងអំណោយស៊ីម៉ង់ចំនួន១០០តោន របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចាន្នី ប្រគល់ជូនអាជ្ញាធរស្រុកចន្ទា ដើម្បីកសាងសមិទ្ធផលនានាផងដែរ៕