(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំវេទិកាសាធារណៈ ស្តីពីច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ឬច្បាប់ថវិកាឆ្នាំ២០១៨ ដូចរាល់ឆ្នាំកន្លងមក នៅព្រឹកទី១៥ ខែមករា ឆ្នាំ២០១៨ស្អែកនេះ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ដល់សាធារណជនទូទៅស្វែងយល់លម្អិតអំពី ច្បាប់ថវិកាឆ្នាំ២០១៨ បន្ថែមទៀត។
វេទិកាសាធារណៈស្តីពីច្បាប់ថវិកាឆ្នាំ២០១៨នេះ គ្រោងនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិត និងយុវជន ជាច្រើននាក់។
គួរបញ្ជាក់ថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ត្រូវបានរដ្ឋសភាផ្តល់ការអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នាសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៥ និងត្រូវបានព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នាសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៣ ហើយត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាដាក់ឲ្យប្រើប្រាស់ ដោយព្រះរាជក្រមលេខ នស/រកម/១២១៧/០១៩ ចុះថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ២០១៧៕