(ភ្នំពេញ)៖ ធ្លាប់ជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ ឥឡូវបុរសខ្លាំងតេជោ សែន បានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេនៅអាស៊ី! ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៨ នេះគឺជាគម្រប់ខួបទី៣៣ ឆ្នាំនៃការឡើងកាន់អំណាចដឹកនាំប្រទេសរបស់បុរសខ្លាំង ហ៊ុន សែន ក្នុងនាមជា នាយករដ្ឋមន្ត្រី។ កាលពី៣៣ឆ្នាំមុន គឺនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាឯកច្ឆន្ទ ចំពោះនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យធ្វើជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបន្ទាប់ ពីបានកាន់តំណែងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសរយៈពេល ៦ឆ្នាំក្រោយថ្ងៃជ័យជម្នះ ៧ មករា ផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបានបំពេញតួនាទី ជានាយករដ្ឋមន្ត្រីស្តីទីរយៈពេល ៣ខែ ចាប់តាំងពីពេលដែលលោក ចាន់ ស៊ី ចេញទៅព្យាបាលជំងឺនិងទទួលមរណភាពនៅទីក្រុងមូស្គូ សហភាពសូវៀត។ រយៈពេល ៣៣ ឆ្នាំនៃការដឹកនាំប្រទេស តើនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចេញពីត្រកូលកសិករ និងជាអតីតក្មេងវត្តរូបនេះ បានចូលរួមចំណែកអ្វីខ្លះក្នុងការសង្គ្រោះ កសាង ការពារ និងអភិវឌ្ឍជាតិកម្ពុជា?

ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់បុរសខ្លាំង ហ៊ុន សែន នៅឆ្នាំ១៩៨៥ គឺ ស្ថិតនៅក្នុងកាលៈទេសៈប្រទេសជាតិមានសន្តិភាពផង និងមានសង្គ្រាមផង ព្រមទាំងបញ្ហាជាច្រើនដែលជាតិ និងប្រជាជនកម្ពុជាប្រឈមកើតចេញពីសោកនាដកម្ម មហាធំធេងបង្កឡើងដោយ របបខ្មែរក្រហម ប៉ុល ពត។ ស្ថានភាពរបស់កម្ពុជានៅពេលនោះពិត ជាមិនធម្មតាសម្រាប់នាយករដ្ឋមន្ត្រីវ័យ៣២ឆ្នាំរូបនេះឡើយដែលត្រូវរែកពន់ នូវទំនូល ខុសត្រូវដ៏ធំធេងចំពោះមុខជាតិ ប្រជាជននិងប្រវត្តិសាស្ត្រ។ បេសកកម្មសំខាន់ចំពោះមុខរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន គឺការនាំយកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជាដ៏កំសត់របស់លោកដែលបានរងទុក្ខវេទនាក្នុង សង្គ្រាមជាច្រើនឆ្នាំ។

របៀបវារៈនយោបាយ និងយុទ្ធសាស្ត្រជាច្រើនត្រូវបានបុរសខ្លាំង ហ៊ុន សែន ដាក់ចុះបន្ទាប់ពីបានកាន់តំណែងជានាយករដ្ឋមន្ត្រី ក្នុងនោះគឺដៃម្ខាង គឺទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ខ្មែរក្រហម តាមរយៈការពង្រឹងខឿនការពារជាតិឱ្យបានរឹងមាំ និងដៃម្ខាងទៀតខិតខំ ប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិពីដៃទទេ ឱ្យមានការរីកចម្រើន និងខិតខំរៀនរស់ ដោយខ្លួនឯងទប់ ទល់នឹងការដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចដ៏អយុត្តិធម៌ របស់បស្ទឹមប្រទេសប្រឆាំង នឹងការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។

ក្រៅពីនោះនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ជាអ្នកដឹកនាំកំណែទម្រង់ដីធ្លីអនុវត្តនយោបាយ ចែកដីផ្តល់កម្មសិទ្ធិដល់ប្រជាពលរដ្ឋខ្មែរផងដែរ និងជាអ្នកដឹកនាំកម្ពុជាចេញពីសេដ្ឋកិច្ច ផែនការមកជាសេដ្ឋកិច្ចទីផ្សារសេរី ទាក់ទាញវិនិយោគទុនពីក្នុងនិងក្រៅប្រទេស បង្កើតការងារជូនប្រជាជនកម្ពុជា មានលទ្ធភាពបង្កើនជីវភាពរបស់ប្រជាជនកម្ពុជាឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។

ដោយយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបវាលពិឃាដខ្មែរក្រហម នាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំ គណបក្ស ប្រជាជនកម្ពុជាជាច្រើនរូបផ្សេងទៀតបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គដឹកនាំនាវាកម្ពុជាមក រកសុខសន្តិភាព និងការអភិវឌ្ឍរហូត ដល់សព្វថ្ងៃនេះ។ ប្រសិនបើគ្មានបាតដៃរបស់ ហ៊ុន សែន ក៏ មិនអាចមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែរ។ គឺចេញពីនិស្ស័យបុគ្គលិកលក្ខណៈដូចគ្នា និងគោលបំណងដូចគ្នាចង់ឱ្យកម្ពុជា រស់ក្នុងសុខសន្តិភាពឡើងវិញ ទើបធ្វើឱ្យបុរសខ្លាំងតេជោ សែន និងសម្តេចព្រះ នរោត្តម សីហនុ ជួបចរចាក្រៅផ្លូវការជាលើកដំបូងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅក្នុងប្រទេសបារាំង និងមានជំនួបជាបន្តបន្ទាប់ រហូតដល់មានការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ប្រសិទ្ធនាមដោយជនបរទេសថា ជា «បុរសខ្លាំងកម្ពុជា» នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រើនយោបាយឈ្នះ-ឈ្នះដើម្បីបញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមដែលមានអាយុជាងកន្លះសតវត្សរ៍នៅកម្ពុជា ឱ្យរលំរលាយអស់ខ្ចាត់ខ្ចាយពីកម្ពុជា និងនាំយកសុខសន្តិ ភាពពេញលេញជូនកម្ពុជា។

សន្តិភាពដែលកម្ពុជាមានរហូតមកទល់នឹងសព្វថ្ងៃនេះគឺ ជាសន្តិភាពដែលបានមកដោយស្នាដៃរបស់ខ្មែរសុទ្ធសាធ ខណៈអង្គការសហប្រជាជាតិ បានចំណាយថវិកាជាង ២ពាន់លានដុល្លារ និងមន្ត្រីបុគ្គលិកយោធានិងស៊ីវិលជាច្រើនម៉ឺននាក់ ប៉ុន្តែបរាជ័យក្នុងការនាំសន្តិភាព ពេញលេញជូនកម្ពុជា ដោយបានបន្សល់ទុកនូវប្រទេសមួយមានរដ្ឋាភិបាលពីរ មានដែនដីគ្រប់គ្រងពីរ និងមានកងទ័ពពីរ បន្តនូវ សង្គ្រាមស៊ីវិលបន្តទៀត។

គឺដោយសារតែនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះហើយដែលជាស្ថាបនិកនយោបាយ ឈ្នះ-ឈ្នះ បានសម្រេចចូលទៅតំបន់ខ្មែរក្រហម ដែលលោកហៅថាជា «រូងខ្លា» ដើម្បីផ្តល់ទំនុកចិត្តដល់កងទ័ពផ្តាច់ខ្លួនពីចលនាឧទ្ទាមខ្មែរក្រហមក្រៅច្បាប់ ទើបចំនួននៃកងទ័ពខ្មែរក្រហមកាន់តែ ច្រើនឡើងៗបាន ធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាដូចទឹកបាក់ទំនប់។ នយោបាយឈ្នះ-ឈ្នះ ដែលមានគោលការណ៍បីសំខាន់ គឺទី១៖ ធានាអាយុជីវិត ២៖ ធានារក្សាទ្រព្យសម្បត្តិ និង ៣៖ ធានារក្សាតួនាទី និងឋានន្តរស័ក្តិជូនដល់បងប្អូនខ្មែរក្រហមដែលបាន ធ្វើសមាហរណកម្ម។ ក្រោមការអនុវត្តនូវនយោបាយនេះ បងប្អូនខ្មែរក្រហមបានធ្វើសមាហរណកម្មយ៉ាងភ្លូកទឹក ភ្លូកដី ក្រោមការដើរចលនានិង ផ្សព្វផ្សាយពីនាយឧត្តមសេនីយ៍ ប៉ុល សារឿន និងឧត្តម សេនីយ៍ កែវ ពង្ស និងក្រុមប្រតិបត្តិករការងារនយោបាយឈ្នះ-ឈ្នះ ជាមួយមេបញ្ជាការ យោធាខ្មែរក្រហម។ ចុងក្រោយគណៈរដ្ឋមន្ត្រីទាំងមូលរបស់ខ្មែរក្រហមបានមកសុំ ចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាដល់ផ្ទះ នាយករដ្ឋមន្ត្រីនៅទួលក្រសាំង ក្រុងតាខ្មៅ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ជាកាលបរិច្ឆេទផ្លូវការនៃការទទួលបានសន្តិភាពពេញលេញឯកភាពជាតិ ឯកភាពទឹកដីក្នុងប្រវត្តិសាស្ត្រកម្ពុជារយៈពេលជាង​៥០០ឆ្នាំចុង ក្រោយនេះ។ នេះពិតជាស្នាដៃមហាធំធេងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន និង ក្រុមការងាររបស់លោកដែលមិនអាចប្រកែកបានឡើយ។

មានតួនាទីជាអ្នកសង្គ្រោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហមនិងខិតខំកសាងប្រទេសឡើងវិញពីគំនរផេះផង់ នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែនាំយកសន្តិភាពទាំងមូលមកជូនកម្ពុជាតាមសេចក្តីប្រាថ្នារបស់លោក នោះទេ ថែមទាំងបានដើរតួនាទី សំខាន់ជាមួយអង្គការសហប្រជាជាតិដើម្បីបង្កើតតុលាការចម្រុះកម្ពុជា-អ.ស.ប. ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហមដែលបានប្រព្រឹត្តអំពើ ឧក្រិដ្ឋធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ជាង៣លាននាក់ ស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះខ្មែរផងដែរ។

កិច្ចការនេះកាន់តែធ្វើឱ្យដំណើរការនៃការសង្គ្រោះជាតិរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជា កាន់តែមានន័យ ពេញលេញថែមទៀត ដោយចាប់ផ្តើមពីការសង្គ្រោះជីវិតរហូតដល់ការផ្តល់យុត្តិធម៌ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ព្រមទាំងផ្សះផ្សារជាតិ និងផ្សះផ្សារផ្លូវចិត្តនៃជនរងគ្រោះខ្មែរ។ ដោយសារតែភាពឈឺចាប់ខ្លោចផ្សារ បទពិសោធន៍នៃការរងទុក្ខវេទនាគ្មានអ្វីប្រៀបផ្ទឹមពីអតីត កាលក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ទើបនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើអ្វីៗទាំងអស់ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារសន្តិភាព និងសេចក្តីសុខរបស់កម្ពុជា កំពុងមាននេះឱ្យបានជាដាច់ខាត។

ចុងក្រោយនេះការប៉ុនប៉ងរបស់ក្រុមក្បត់ជាតិនៃ អតីតបក្សប្រឆាំងបានព្យាយាមបំផ្លាញខ្មែរតាមរយៈបដិវត្តន៍ពណ៌ក្រោមខ្សែញាក់របស់ បរទេសជាចៅហ្វាយនាយរបស់ខ្លួន ត្រូវបានកម្ទេចទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ដោយបានរំលាយបក្សសង្គ្រោះជាតិចោល និងបានហាមឃាត់ សមាជិកគណៈអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការនាយកនៃបក្សនេះចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយ​រយៈពេល៥ឆ្នាំ។ ប្រសិនបើក្រុមនេះនៅតែបន្តប៉ុនប៉ងបំផ្លាញសន្តិភាព និងធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍ជាតិ ពួកគេនឹងបង់តម្លៃថ្លៃបំផុតចំពោះជាតិ។

ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល៣៣ឆ្នាំមក នេះកម្ពុជាបានបោះជំហានចេញពីភ្នក់ភ្លើងសង្គ្រាមស៊ីវិលដែលបង្កឡើង ដោយក្រុមអ្នក នយោបាយជំនាន់មុនមកជាប្រទេសមានសន្តិភាព បានបោះជំហានចេញពីប្រទេស ដែលខ្ទេចខ្ទីគំនរផេះផងមកជាប្រទេសអភិវឌ្ឍ ចេញពីប្រទេសដែលដឹកនាំដោយបែប ផ្តាច់ការរបស់ ប៉ុលពត មកជាប្រទេសអនុវត្តនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស មានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ចេញពីប្រទេសដែលក្រីក្រតោកយ៉ាក មកជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ល្អជាងគេជាមួយកំណើន សេដ្ឋកិច្ច ប្រមាណជាង ៧%ក្នុង ១ ឆ្នាំរយៈពេល ២០ ឆ្នាំជាប់គ្នា ចេញពីប្រទេសដែលមានចំណូល ទាបបំផុតមកជាប្រទេសមានចំណូលមធ្យម កម្រិតទាប និងនៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

កម្ពុជាបានចាកចេញពីប្រទេសដែលគេស្គាល់តាមរយៈរឿងរ៉ាវ នៃវាលពិឃាតមកជាប្រទេសដែល មានកេរ្តិ៍ឈ្មោះក្នុងវិស័យទេសចរណ៍ វប្បធម៌ កសិកម្ម និងពាណិជ្ជកម្ម កីឡា និងមនុស្សធម៌ដោយបានចូលរួមជាមួយអង្គការសហប្រជាជាតិដើម្បីថែរក្សាសន្តិភាពនៅតាមប្រទេសមួយចំនួន។ វាជាការពិត គេក៏ត្រូវទទួលស្គាល់ផងដែរថា គ្មានការដឹកនាំណាមួយដែលល្អឥតខ្ចោះឡើយ ប៉ុន្តែតើការដឹកនាំនោះផ្តល់ផលប្រយោជន៍ អ្វីខ្លះដល់ជាតិ និងប្រជាជន។ ដោយបានដឹកនាំក្នុងភាពត្រឹមត្រូវ ឆ្លើយតបនឹងផលប្រយោជន៍ជាតិ និងប្រជាជននេះ ហើយដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ត្រូវបានផ្តល់សេចក្តីទុកចិត្តនៅរៀងរាល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ បោះឆ្នោត ព្រឹទ្ធសភា និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដើម្បីដឹកនាំប្រទេស ការពារសន្តិភាព កសាង និងអភិវឌ្ឍជាតិតរៀងមក។

ការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានវាយតម្លៃដោយថ្នាក់ ដឹកនាំពិភពលោក និងប្រជាជនកម្ពុជាថាបានដើរលើផ្លូវត្រូវ ទោះបីជាជនមួយចំនួនបាន ព្យាយាមបំផ្លាញកម្ពុជា និងធ្វើយុទ្ធនាការប្រឆាំងនឹងការរីកចម្រើនរបស់កម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវតាមគន្លង ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាក៏ដោយ។ ប៉ុន្តែសច្ចធម៌ និងយុត្តិធម៌ពិតជាមានសម្រាប់អ្នកលះបង់ ដើម្បីជាតិពិតប្រាកដគឺទទួលបានការទុកចិត្តពីប្រជាជនដឹកនាំប្រទេសដូចជានាយករដ្ឋមន្ត្រី ហ៊ុន សែន។

គេនៅចាំបានថានៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១ នៅមុខព្រះបរមរាជវាំងដើម្បីអបអរសាទរខួប ២០ឆ្នាំ នៃការយាងនិវត្តន៍មកមាតុភូមិ របស់សម្ដេចឪ សម្ដេចម៉ែ ព្រះមហាវីរក្សត្រ សម្ដេច នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បានមានព្រះរាជបន្ទូលថា «រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំសភាទាំងពីរ បានធ្វើឱ្យប្រទេសមានការរួបរួមគ្នា ហើយប្រទេសមាន សន្ដិភាពពេញលេញ»។

សម្តេចឪនរោត្តម សីហនុ ដែលតែងតែសរសើរការដឹកនាំនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះអង្គបានគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់សម្ដេច ហ៊ុន សែន បានទាញប្រទេសកម្ពុជាឱ្យចេញពីឋានៈទន់ខ្សោយ និងឱ្យឋានៈជាអ្នកមានអំណាចមួយនៅក្នុងពិភពលោក ហើយថា ការរួបរួមគ្នាជាធ្លុងមួយនេះគឺជាភាពខ្លាំង ដែលនាំឱ្យប្រទេសដើរលើ ផ្លូវសន្ដិភាព ផ្លូវឯករាជ្យ និងផ្លូវកសាងជាតិលើគ្រប់វិស័យ»
ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គក៏បានសរសើរអំពីការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការកសាងជាតិ ការពារសន្តិភាព និងការអភិវឌ្ឍប្រទេសឱ្យរីកចម្រុងចម្រើននេះផងដែរ៕

ដោយ៖ ចៅ ចាក់ស្មុក, រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៨

រូបភាពកម្ពុជានាពេលបច្ចុប្បន្នេះមានអគារធំៗរាប់រយកន្លែង