(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាឲ្យកម្លាំងនគរបាលខេត្ត បង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់ នៅក្នុងមូលដ្ឋានស្រុកជើងព្រៃ ក្រុងកំពង់ចាម និងស្រុកស្ទឹងត្រង់។

ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ក្រោយទទួលបានបទបញ្ជាពី លោកអភិបាលខេត្ត លោកបានចាត់ឲ្យកម្លាំងនគរបាលជំនាញ ចុះអនុវត្តភ្លាមៗដោយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុក​ជើងព្រៃ ចុះបង្ក្រាបទីតាំងកន្លែងជល់មាន់ ខុសច្បាប់ មួយកន្លែង នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិប៉ាណា ឃុំសូទិព្វ។ ​ជាលទ្ធផល មុខសញ្ញាអ្នកលេងល្បែង បាននាំគ្នារត់ចូលព្រៃអស់ ដោយបន្សទុកវត្ថតាងរួមមាន ទ្រុងក្រុងមាន់ចំនួន២៧, ជើងម៉ាចំនួន០៧, ជើងម៉ាតូចចំនួន៤០, តង់ចំនួន០៣ និងតុដែកចំនួន០១។

បើតាមលោកឧត្តមសេនីយ៍ស្នងការ សម្រាប់នៅក្រុងកំពង់ចាមវិញ លោកបានបញ្ជា​កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ចុះបង្ក្រាបទីតាំងលេងល្បែង ស៊ីសងខុសច្បាប់​មួយកន្លែង នៅចំណុច​ភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ជាលទ្ធផល មុខសញ្ញាលេងល្បែងបារត់គេចខ្លួនអស់ បន្សល់ទុកម៉ូតូចំនួន០២គ្រឿង និងស្គុតរុំជើងមាន់ ចំនួន០១ដុំ​។

ដោយឡែក សម្រាប់នៅស្រុកស្ទឹងត្រង់ លោកឧត្តមសេនីយ៍ត្រី ឯម កុលស បានឲ្យដឹងថា លោកបានបញ្ជាកម្លាំងជំនាញរបស់ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ទោ ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានចុះបង្ក្រាបទីតាំងកន្លែងជល់មាន់០១កន្លែង នៅចំណុចចំការកៅស៊ូ ស្ថិតក្នុងភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់។ ជាលទ្ធផល​ ឃាត់ខ្លួន​អ្នកលេងល្បែងជល់មាន់ចំនួន០២នាក់ ដកហូតបានមាន់ជល់ចំនួន០២ក្បាលងាប់ ,​ជញ្ជីងថ្លឹងមាន់ចំនួន០១, ម៉ូតូចំនួន១១គ្រឿង​៕