(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសំណេះសំណាលជាមួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជារត់ម៉ូតូឌុប ម៉ូតូកង់បី និងរត់តាក់ស៊ីជាដើមសរុបជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចរបស់កម្ពុជា បានផ្តើមចេញពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយបច្ចុប្បន្នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតែធំជាងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅជនមួយចំនួន កុំឲ្យតាំងខ្លួនជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈដែលពួកគេមិនមានអត្តសញ្ញាណច្បាស់លាស់ ហើយយកនាមសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅធ្វើសកម្មភាពផ្សេងៗដូចជាបាតុកម្មជាដើម។
* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើកុំឲ្យយកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅធ្វើសកម្មភាពផ្សេងៗ ដែលនាំឲ្យខូចកេរ្តិ៍ឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរំលឹកផងដែរថា គិតមកដល់ត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ គឺសម្តេចដឹកនាំប្រទេសបានរយៈពេល ៣៣ឆ្នាំហើយ ហើយសម្តេចនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីនេះរយៈពេលពីរអាណត្តិ ស្មើនឹង១០ឆ្នាំទៅមុខបន្តទៀត។
* ក្នុងថ្ងៃខួប៣៣ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចតេជោ បានថ្លែងថា សម្តេចមិនដែលមានបំណងចង់ធ្វើជានាយករដ្ឋមន្ត្រីនោះទេ ហើយក៏រកពេលសម្រាកពីតំណែងមិនទាន់បាន ព្រោះតែបញ្ហារបស់ប្រទេសជាតិ ដែលទាមទារឲ្យសម្តេចបន្តដោះស្រាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបក្ស និងជាតិជំនាន់មុន ដែលបានបោះឆ្នោតគាំទ្រសម្តេចធ្វើជានាយករដ្ឋមន្ត្រី។ សម្តេចថ្លែងថា តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចរយៈពេល ៣៣ឆ្នាំមកនេះមិនមែនជារក្សាបានដោយសារចុងកាណុង និងអំពើផ្តាច់ការនោះទេ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា រំពឹងថា ការបោះឆ្នោតខាងមុខគណបក្សប្រជាជនកម្ពុជានៅតែបន្តឈ្នះឆ្នោត ដើម្បីសម្តេចមានឱកាសដឹកនាំអភិវឌ្ឍន៍ប្រទេសនេះទៅមុខបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាកម្សត់ខ្លាំង ដែលត្រូវបានស្តារឡើងវិញពីគំនរផេះផង់នៃភ្លើងសង្គ្រាម ហើយបច្ចុប្បន្នកម្ពុជា បានក្លាយជាប្រទេសមានកម្រិតចំណូលមធ្យមកម្រិតទាប ហើយនឹងឈានទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
* សម្តេចតេជោ បានថ្លែងថា សម្តេចគាំទ្ររាល់គំនិត និងការប្រឹងប្រែងបើកអាជីវកម្មផ្ទាល់ ព្រោះការបើកអាជីវកម្មនេះ ក៏ជាការរួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតបង្កើតធនាគារសម្រាប់ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមមិនជារឿងចៃដន្យ តែជាការគិតគូរមួយ ដ៏ច្បាស់លាស់ គឺការឆ្ពោះទៅកាន់សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សម្តេចតេជោ បានថ្លែងថា ប្រសិនបើមានការផលិតក្នុងស្រុកបានកាន់តែច្រើន វានឹងធ្វើឲ្យកាត់បន្ថយការនាំចូលផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្ររាល់ការពារប្រកួតប្រជែងនៅក្នុងអាជីវកម្ម ដោយមិនការពារក្រុមហ៊ុនមួយ ហើយទៅសម្លាប់ក្រុមហ៊ុន ដទៃនោះឡើយ ពោលសម្តេចគាំទ្រឲ្យមានការប្រកួតប្រជែងនៅក្នុងអាជីវកម្មដោយស្មើភាពគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងមានការសប្បាយចិត្តចំពោះការផ្តួចផ្តើមឲ្យមានការដឹកជញ្ជូនតាមផ្លូវទឹកពីព្រែកព្នៅ មកភ្នំពេញ ហើយទៅក្រុងតាខ្មៅ ដោយមានផែចំណតច្រើន។ សម្តេចតេជោ ថ្លែងថា គឺជាគំនិតផ្តួចផ្តើមក្នុងការដោះស្រាយលើបញ្ហាដឹកជញ្ជូន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកទឹកចិត្តដល់ធនាគារទាំងឡាយផ្តល់ទុនដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពួកគេបានពង្រឹងអាជីវកម្ម ហើយក៏ជាភាពធុននៅពេលមានបញ្ហាសេដ្ឋកិច្ចពីខាងក្រៅផងដែរ។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលត្រូវតែធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យគន្ធបុប្ផាដំណើរការបន្ត នឹងបង្កើតមូលនិធិគន្ធបុប្ផាមួយទៀត នៅកម្ពុជា ហើយសម្តេចនឹងធ្វើប្រធាននៃមូលនិធិនេះ។ សម្តេចតេជោបានថ្លែងថា មិនអាចនៅពេលអត់លោក Beat Richner ទៅ មន្ទីរពេទ្យគន្ធបុប្ផាដែលព្យាបាលកុមារកម្ពុជារាប់លាននាក់នេះដួលរំលំនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង៩៖២៤នាទីព្រឹកថ្ងៃអាទិត្យនេះ៕