(ភ្នំពេញ)​៖ លោក សុខ បញ្ញា នាយរងផ្នែកសន្តិសុខ ដឹកនាំសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋា​ននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី លោក យឹម សារ៉ាន់ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតកំណត់មុខសញ្ញា បង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន​៣​ករណីផ្សេងគ្នា ក្នុងពេលតែមួយ ដោយឃាត់ខ្លួនជនសង្ស័យចំនួន​៣នាក់ ជាក់ស្តែងដែលកំពុងលក់ដកហូតបាន​ថ្នាំញៀន​៥៣​កញ្ចប់​។

លោក យឹម សារ៉ាន់ បានថ្លែងប្រាប់ភ្នាក់ងារ Fresh news ប្រចាំខណ្ឌពោធិ៍សែនជ័យថា នៅវេលាម៉ោង​១០៖៣០នាទីព្រឹកថ្ងៃទី​​១៣ ខែមករា ឆ្នាំ២០១៨​ស្ថិតនៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ​កម្លាំងរបស់លោក​បានបើកប្រតិបត្តិការមួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឌី វ៉ាន់លូ អាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិកើតហេតុ ដែលកំពុងឈរលក់ថ្នាំញៀន និងដកហូតថ្នាំញៀនចំនួន​២៥​កញ្ចប់។

លុះនៅវេលាម៉ោង​០៤៖២០នាទីល្ងាច កម្លាំង​របស់លោកបន្តប្រតិបត្តិការនៅចំណុច​ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យដដែល ដោយជ​នសង្ស័យម្នាក់ទៀតជា «អនិតិជន» ប្រ​គល់ឲ្យខាងសង្កាត់យកទៅអប់រំកែប្រែ និងដកហូតបានថ្នាំ១១កញ្ចប់​។

នៅវេលាម៉ោង​០៥៖០០នាទីល្ងាច ស្ថិតនៅភូមិត្រពាំងថ្លឹង ច្រកឌឿងហែម ខាងក្រោយផ្ទះល្វែងខាងលិចរោងចក្រ៦ជាន់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងរបស់លោក​បានបន្តប្រតិបត្តិការ បានបន្តឃាត់់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលកំពុងឈរលក់ថ្នាំញៀនយ៉ាងសកម្ម ជនសង្ស័យខាងនេះ​ឈ្មោះ ឃុត ទី អាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិកើតហេតុ ដោយដកហូតថ្នាំម៉ាទឹកកក បានចំនួន១៦កញ្ចប់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ចូនមកកាន់ផ្នែកជំនាញគ្រឿងញៀន នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់​៕