(ភ្នំពេញ)៖ នៅថ្ងៃសៅរិ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្ធស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញបិទការប្រកួតដណ្តើមពានរង្វាន់កីឡាហែលទឹកតេជោសែនលើកទីបី ឆ្នាំ២០១៧។
ពិធីការប្រកួតកីឡាហែលទឹកពានរង្វាន់សម្តេចតេជោសែនលើកទី៣នេះ បានធ្វើឡើងនៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម។ ការប្រកួតកីឡានហែលទឹកពានរង្វាន់សម្តេចតេជោសែនលើកទី៣ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ ១៣ ខែមករា ឆ្នាំ២០១៨។
ពិធីបិទការប្រកួតកីឡាហែលទឹកពានរង្វាន់សម្តេចតេជោសែន មានការអញ្ជើញចូលរួមផងដែរ ពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន អនុប្រធាននិងសមាជិកសហព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីរាជការជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស។
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកនេះ មានកីឡាករ-កីឡាការិនីចំនួន ១២០នាក់បានចូលរួមប្រកួតប្រជែងលើវិញ្ញាសារចំនួន ២៩ក្នុងរយៈពេលពីរថ្ងៃ ដែលមានដូចជា៖ ហែលរបៀបមេអំបៅ៥០ ម៉ែត្រនិង១០០ម៉ែត្រ ហែលសេរី ៥០ម៉ែត្រ និង១០០ម៉ែត្រ ហែលរបៀបផ្ងារ៥០ម៉ែត្រ និង ១០០ម៉ែត្រ ហែលរបៀបកង្កែប ៥០ម៉ែត្រ និង១០០ម៉ែត្រ និងហែលរបៀបបណ្តាក់សេរី ១០០ម៉ែត្រគុណ៤ និងហែល របៀបបណ្តាក់សេរី៥០ម៉ែត្រគុណ៤ផងដែរ។
ក្រុមដែលទទួលបានជ័យលាភីលេខ១ ទទួលបានពាន១ និងថវិកា ៣០០ដុល្លារ ជ័យលាភីលេខ២ ទទួលបានពាន១ និងថវិកា ២០០ដុល្លារ និងជ័យលាភីជាក្រុមលេខ៣ ទទួលបានពាន១ និងថវិកា១០០ដុល្លារ។
ក្នុងពិធីប្រកួតលើវិញ្ញាសារនីមួយៗ អ្នកទទួលបានមេដាយមាស១ និងថវិកា ២០ម៉ឺនរៀល ចំនួន២៩នាក់ ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់១ និងថវិកា១៥ម៉ឺនរៀល ចំនួន២៩នាក់ និង ជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹត១ និងថវិកា១២ម៉ឺនរៀល ចំនួន២៩នាក់។
បន្ថែមលើរង្វាន់ខាងលើទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឧបត្ថម្ភបន្ថែមដល់កីឡារករ កីឡាការិនីទាំង ១២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល សហពន្ធ័ខ្មែរកីឡាហែលទឹកចំនួន ៣លានរៀល គណៈកម្មការបច្ចេកទេស២លានរៀល គ្រូបង្វឹក៦នាក់ ក្នុងម្នាក់ៗ១០ម៉ឺនរៀល និងថវិកា៣លានរៀល សម្រាប់គ្រូពេទ្យ និងសន្តិសុខ។
ថ្លែងនៅក្នុងឱកាសបិទការប្រកួតនោះដែរ លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្ត ឲ្យកីឡាករ កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមយកមេដាយជូនជាតិយើងក្នុង ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ខាងមុខ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាការប្រកួតនានាក្នុងតំបន់ និង អន្តរជាតិផងដែរ៕