(ភ្នំពេញ)៖ បុណ្យផ្កាប្រាក់មហាសាមគ្គី ដែលបានរៀបចំពិធីឡើយដោយព្រះមហា តែម ម៉ាច តំណាងព្រះទេវត្ថា ពឿយ មេត្តា ចៅអធិការវត្តទាំង៨ ដែនដីពុទ្ធភូមិនេប៉ាល់-ឥណ្ឌា បានប្រារព្វធ្វើឡើងនៅក្នុងបរិវេណ វត្តកោះមេត្តាពោធិវង្ស ដើម្បីប្រមូលបច្ច័យឧបត្ថម្ភទ្រទ្រង់បុណ្យបញ្ចុះខ័ណ្ឌសីមា នៅវត្ត «ខ្មែរលុម្ពិនី» ប្រទេសឥណ្ឌា-នេប៉ាល់ ជាមួយនឹងការធ្វើពិធីរាប់បាត្រជាមួយព្រះសង្ឃ១១០អង្គ។
ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ ប្រារព្ធធ្វើនាថ្ងៃសៅរ៍-អាទិត្យ១២-១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០១៨ នៅវត្តកោះមេត្តាពោធិវង្ស ស្ថិតនៅភូមិកោះអណ្តែត ផ្លូវម៉ុងឬទ្ធី សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
តាមរយៈបុណ្យផ្កាប្រាក់សាមគ្គីនេះ ព្រះមហា តែម ម៉ាច តំណាងព្រះទេវត្ថា ពឿយ មេត្តា ចៅអធិការវត្តទាំង៨ ដែនដីពុទ្ធភូមិនេប៉ាល់-ឥណ្ឌា បានមានថេរៈដិកា ជូនមគ្គផលដល់ពុទ្ធបរិស័ទ ដែលបានចូលរួមចាប់មគ្គផលដើម្បីជាកុសល ក្នុងបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ នៅវត្តខ្មែរលុម្ពិនី ភូមិលុម្ពិនី ស្រុករូបប៉ិនដេល្លី ភាគខាងត្បូង នៃប្រទេសនេប៉ាល់នេះ។
ព្រះអង្គមានសង្ឃដីកាបន្តថា ពិធីបុណ្យបញ្ចុះខណ្ឌសីមានេះ នឹងមានព្រះសង្ឃចំនួន១,០០០អង្គ មកពី១៨ប្រទេសចូលរួម ហើយក្នុងពិធីនោះគ្រោងនឹងចំណាយថវិកាសរុបចំនួន ១៣៦,៦២៣ដុល្លារអាមេរិក។ ក្នុងនោះរួមមាន ការចំណាយ៤ថ្ងៃ២ម៉ឺនដុលា្លរ សម្រាប់ចង្ហាន់ រោង១២,០០០ដុល្លារ ចំណាយផ្កា ទង់ អំបោះ ដុំនិមិត្តសីមា ក្រណាត់ ប្រទីប កាំបិត អន្លង់ មាសសន្លឹក ជាដើមចំនួន១២,០០០ដុល្លារ សេវាកម្មបុណ្យ១២០នាក់អស់១ម៉ឺន វត្ថុថង់យាម១ពាន់ថង់យាម និងបច្ច័យប្រគេនដល់ព្រះសង្ឃទាំង១៨ប្រទេស។ ចំណាយលើការបោះសៀវភៅ២,០០០ក្បាល ២ម៉ឺនដុល្លារ និងចំណាយផ្សេងៗចំនួន២ម៉ឺន។
ពិធីបុណ្យបញ្ចុះបឋមសីលានេះ ជាប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា និងជាមុខមាត់នៃប្រទេសកម្ពុជាផងដែរ ដូច្នេះសូមពុទ្ធបរិស័ទ្ធចូលរួមឲ្យបានច្រើនកុះករ។
ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា ចំពោះពុទ្ធបរិស័ទ ដែលមានបំណងទៅកាន់វត្តខ្មែរលុម្ពិនី សូមទាក់ទងនៅកុដិលេខ៣៥ នៅវត្តបុទុមវត្តី ឬទំនាក់ទំនង តាមលេខទូរស័ព្ទ ០១៧ ២៩៣ ០៥៩ និងលេខ០១៧ ៤៧៤ ៧៤២។
គួររំលឹកដែរថា កម្មវិធីបុណ្យប្រារព្ធធ្វើ៤ថ្ងៃ៣យប់ ដោយចាប់ផ្តើមពីថ្ងៃច័ន្ទ១២-១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦-២៨ ខែកុម្ភៈ គ.ស ២០១៨។ ក្នុងការរៀបចំបុណ្យបញ្ចុះសីមានេះ មានការអញ្ជើញជាអធិបតីពី លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ បើពុទ្ធបរិស័ទមានបំណងចូលរួម ក្នុងពិធីបញ្ចុះខណ្ឌសីមា ជាប្រវត្តិសាស្ត្រលើទឹកដី ពុទ្ធភូមិ កន្លែងព្រះអង្គប្រសូត្រ សូមនិមន្ត អញ្ជើញចុះព្រះនាម ចុះឈ្មោះ ចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ និងចេញដំណើរពីថ្ងៃទី២១ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨៕