(ភ្នំពេញ)៖ យោងតាមរយៈកិច្ចសហការណ៍រវាង ក្រុមហ៊ុន អាយ.អេស.អាយ ស្ទៀល ជាមួយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការអនុញ្ញាត និងដឹកនាំ និស្សិតវិស្វកររបស់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មកទស្សនកិច្ចសិក្សា នៅរោងចក្ររបស់ក្រុមហ៊ុន ISI STEEL កាលពីឆ្នាំ២០១៧ កន្លងមក ក្រុមហ៊ុន ISI STEEL បានអនុញ្ញាតដល់និស្សិតវិស្វករឆ្នាំទី៤ មកពីដេប៉ាតឺម៉ង់ទេពកោសល្យឧស្សាហកម្ម និងមេកានិច នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន៧២នាក់ ធ្វើទស្សនកិច្ចសិក្សា នៅរោងចក្ររបស់ខ្លួនជាលើកទី៣ នារសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៨ ។

ទស្សនកិច្ចសិក្សានេះ គឺមិនគ្រាន់តែចង់ចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងពង្រឹងវិស័យអប់រំនៅកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ជាការផ្តល់ឱកាសដ៏សំខាន់ដល់សិស្សនិសិត្ស ដែលត្រៀមបញ្ចប់ការសិក្សា ធ្វើការស្វែងយល់ដោយផ្ទាល់នូវស្ថានភាព និងបរិយាកាសការងារជាក់ស្តែងក្នុងក្រុមហ៊ុន ដើម្បីទទួលបាននូវបទពិសោធន៍បន្ថែម លើ ចំណេះដឹង និងជំនាញរបស់ខ្លួន ។ លើសពីនេះទៅទៀត សិស្សនិស្សិត បានសិក្សាស្វែងយល់ដោយផ្ទាល់លើវិស័យ ឧស្សាហកម្មដែក ដោយទទួលបាននូវបទពិសោធន៍ការងារជាក់ស្តែង ដែលជាគ្រឹះដ៏សំខាន់ ក្នុងការពង្រឹងសមត្ថភាព ដើម្បីត្រៀមខ្លួនទុកជាមុន សម្រាប់ការស្វែងរកការងារធ្វើក្រោយបញ្ចប់ការសិក្សា ។

ទស្សនកិច្ចសិក្សានេះ ក៏បានបង្កើនទំនាក់ទំនង កាន់តែល្អផងដែរ រវាងនិស្សិត ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ISI STEEL ថែមទាំងផ្តល់លទ្ធភាពឱ្យពួកគេបានស្វែងយល់លម្អិតអំពីស្ថានភាព និងលក្ខខណ្ឌការងារជាក់ស្តែងមុនពេលចេញបម្រើការងារ នៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រឧស្សាហកម្មផ្សេងៗ ។

កម្មវិធីទស្សនកិច្ចសិក្សានេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក កាំង សំណាង នាយកផ្នែកទីផ្សារ ក្រុមហ៊ុន ISI STEEL ដោយផ្ទាល់ រួមជាមួយបុគ្គលិកក្រុមហ៊ុនផងដែរ ហើយក៏មានការធ្វើបទបង្ហាញ អំពីលក្ខខណ្ឌការងារ និងផលិតផលដែករបស់ក្រុមហ៊ុន ការណែនាំអំពីខ្សែសង្វាក់ផលិតកម្មដែក និងប្រព័ន្ធស្តង់ដាសុវត្ថិភាព ៥ស (5S) សម្រាប់បុគ្គលិកបម្រើការងារក្នុងរោងចក្រ ISI STEEL ផងដែរ ។

សូមជំរាបផងដែរថា ក្រុមហ៊ុន អាយ.អេស.អាយ ស្ទៀល បានក៏កើតឡើង នៅឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនផលិត និងចែកចាយដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាព ផលិតជាច្រើនពាន់តោន ក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមាន ដែកទីបមូល ទីបជ្រុង ដែកC ដែកU ដែកZ ដែកកម្រាលព្រុំ IDECK ផលិតផល អាយ អេស អាយ ផាម (ISI PALM) ស័ង្កសីញូម ស័ង្កសីពណ៌ និងស័ង្កសីបិទស្នោរPU ។

គ្រប់ផលិតផល ISI STEEL ទាំងអស់ ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះ ស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៕