(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ធា គ្រុយ បានបញ្ជាក់ថា ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ មិនអនុញ្ញាតឲ្យគ្រូពេទ្យយកវិជ្ជាជីវៈវេជ្ជសាស្ត្រ យកទៅកែច្នៃធ្វើជាជំនួញផ្ទាល់ខ្លួនឡើយ ប៉ុន្តែបញ្ហានេះនៅតែកើតមានដដែលក្នុងសង្គមកម្ពុជា។
ការថ្លែងបែបនេះ របស់លោក ធា គ្រុយ បានធ្វើឡើងក្នុងទិវាវេជ្ជសាស្ត្ររោគកុមារវិទ្យា លើកទី២០ ដែលរៀបចំឡើងដោយសមាគមគ្រូពេទ្យកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ នាសណ្ឋាគារភ្នំពេញ។
ពិធីនេះក៏មានការចូលរួមពីលោក យិត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យកម្ពុជា និងមានការចូលរួមពីបណ្តាសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ ដែលជាសមាជិកសមាគមគ្រូពេទ្យកម្ពុជា ចំនួនជាង៣០០នាក់។
លោក ធា គ្រុយ បានថ្លែងយ៉ាងដូច្នេះថា «វិជ្ជាជីវៈវេជ្ជសាស្ត្រមិនត្រូវបានអនុញ្ញាត ឲ្យយកទៅច្នៃប្រឌិតធ្វើជាមុខជំនួញផ្ទាល់ខ្លួនឡើយ។ វិជ្ជាជីវៈជាពេទ្យ គឺពេទ្យហើយ មុននឹងចូលធ្វើពេទ្យបានសម្រេចហើយថា យើងធ្វើអ្វីដែលជាពេទ្យ មិនមែនរកស៊ីជំនួញទេ អត់មានបិទផ្សព្វផ្សាយ ដាក់ស្លាកប៉ុនជញ្ជាំងវិហារ អត់ទាំងអស់ អត់មានជួលគេយកម៉ូតូឌុបទៅដឹកអ្នកជំងឺចេញពីមន្ទីរពេទ្យ។ អ្នកជំងឺចង់ចូលពេទ្យមិនបាច់ទេ ទៅកន្លែងនោះវិញល្អជាង ឥឡូវនេះដូចឈ្មួញអញ្ចឹងពេទ្យមួយចំនួន»។
លោកបានបញ្ជាក់ថា ប្រសិនបើបញ្ហាទាំងនោះកើតឡើង មិនត្រឹមតែប៉ះពាល់ដល់សាម៉ីអ្នកប្រព្រឹត្តនោះទេ សូម្បីតែអ្នកចូលដៃ និងថ្នាក់លើនៃអង្គភាពសុខាភិបាលនោះ ក៏មានបញ្ហាជាមួយគ្នាដែរ។ លោកបានណែនាំថា ដើម្បីបង្ការ និងទប់ស្កាត់បញ្ហាខាងលើនេះ អ្នកគ្រប់គ្រងអង្គភាពសុខាភិបាលទាំងឡាយ ត្រូវរំលឹកដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលរបស់ខ្លួនជាប្រចាំ។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ក៏បានរៀបរាប់អំពីក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យមួយចំនួន ប្រាប់ដល់សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ ដែលជាសមាជិកសមាគមគ្រូពេទ្យកម្ពុជា ចំនួនជាង៣០០នាក់ផងដែរ។
សូមជម្រាបថា ទិវាវេជ្ជសាស្ត្ររោគកុមារវិទ្យា លើកទី២០នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់នូវវេទិកាដល់អ្នកឯកទេស ផ្នែករោគកុមារទាំងក្នុង និងក្រៅប្រទេសបានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា ក៏ដូចជាជួយផ្តល់នូវចំណេះដឹងថ្មីៗ ទាក់ទងនឹងរោគកុមារទាំងនេះ ដើម្បីឲ្យសិក្ខាកាមទាំងអស់អាចទាញយកសារសំខាន់ សម្រាប់ប្រើជាប្រយោជន៍ ក្នុងការថែទាំ និងព្យាបាលរោគកុមារនៅកម្ពុជា៕