(ភ្នំពេញ)៖ មិនខុសពីឆ្នាំមុននោះទេ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ និងការតាំងពិពរណ៌កងទ័ព នៅមជ្ឈមណ្ឌលកោះពេជ្រនៅឆ្នាំ២០១៨នេះ ក៏ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ដូចគ្នាផងដែរ ពោលគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករានេះ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដើម្បីរំលឹក​ទិវាជ័យជម្នះលើកទី៣៩ ថ្ងៃ៧មករា ដែលជាថ្ងៃជ័យជម្នះរបស់ប្រជាជនកម្ពុជាទាំងអស់, ជាការរៃអង្គាសដើម្បីជួយឧបត្ថម្ភទៅដល់ សមាគមអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស, ដើម្បីឲ្យស្វែងយល់ពីការចូលរួមរបស់កងទ័ព ក្នុងការការពារសន្ដិភាព ជូនប្រជាជន និងប្រទេសជាតិ និង​រឹតចំណងមិត្តភាពរវាងកងទ័ព និងប្រជាជនកាន់តែខ្លាំងឡើង។

ព្រឹត្តិការណ៍កីឡាកងទ័ព ដែលរៀបចំឡើងនៅដើមឆ្នាំ២០១៨នេះ មានការចូលរួម និងចាប់អារម្មណ៍ពីមហាជនទូទៅយ៉ាងខ្លាំង ហើយចំនួនស្ដង់នៃការតាំងបង្ហាញ មកពីអង្គភាពនីមួយៗ ក៏មានការកើនឡើងច្រើនផងដែរ។

សូមទស្សនាទិដ្ឋភាពទូទៅ នៃព្រឹត្តិការណ៍កីឡាកងទ័ព និងការតាំងពិពរណ៌កងទ័ព ដែលបានបញ្ចប់ទៅដោយជោគជ័យ និងសប្បាយរីករាយបំផុត៕