(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារឃុំជាខ្លាង ស្រុកស្វាយអន្ទរ និងឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង នាថ្ងៃទី១៣ ខែមករា​ ឆ្នាំ២០១៨ បានដឹកនាំសហការី និងសមាជិកគណៈកម្មាធិការបក្សភូមិ-ឃុំ ចុះចែកបណ្ណសមាជិកបក្សជូនប្រជាពលរដ្ឋ ជួយជួសជុល និងកែលម្អផ្ទះ និងនាំថវិកា-សម្ភារមួយចំនួនជូនដល់ពលរដ្ឋនៅមូលដ្ឋានឃុំទាំងពីរខាងលើផងដែរ។

ក្នុងសកម្មភាពនៅទីស្នាក់ការបក្សឃុំក្តឿងរាយ ស្រុកកញ្រ្ជៀច លោកបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារបក្សប្រចាំខែ និងលើកទិសដៅការងារបន្ត ដោយក្នុងនោះលោកប្រធានបានធ្វើការសំណេះសំណាល និងផ្សព្វផ្សាយអំពីសភាពការណ៍នយោបាយ នាពេលបច្ចុប្បន្ន និងដាក់ផែនការបន្តលើការងារពង្រឹង និងពង្រីកសមាជិកបក្សថ្មីបន្ថែមទៀត ដែលមានការចូលរួមពីសមាជិក-សមាជិកា ៧៨នាក់។

ក្នុងឱកាសនោះ លោកក៏បានចែកប័ណ្ណសមាជិកបក្ស ដែលទើបធ្វើថ្មីជូនប្រជាពលរដ្ឋ បានចែកប្រាក់ចិញ្ចឹមចលនាជូនគណៈកម្មាធិការបក្សភូមិ-ឃុំយុវជន និងប៉ុស្តិ៍រដ្ឋបាល។

លោកបានបន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ដែលទើបសុំរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាចំនួន ២នាក់។ បន្ទាប់មកទៀត លោក ចាន់ វ៉ាន់ធឿន និងសមាជិកគណៈកម្មាធិការបក្សភូមិ-ឃុំ បានបន្តចុះជួបសំណេះសំណាល និងជួយជួសជុលកែលម្អផ្ទះជនក្រីក្របានចំនួន ១គ្រួសារ និងបាននាំយកនូវថវិកា និងសម្ភារមួយចំនួនចែកជូនលោកយាយលោកតាចាស់ជរា និងក្មេងៗផងដែរ៕