(ស្វាយរៀង)៖ ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជន ក្នុងមូលដ្ឋាន ជិត១០០នាក់ និងនាំកុំព្យូទ័រទំនើប២គ្រឿង ដែលជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង លោក សៅ សុវណ្ណី ប្រធានក្រុមការងារចុះជួយឃុំថ្នាធ្នង់ បានជំរុញឲ្យសមាជិកបក្សទាំងអស់​ត្រូវបន្តធ្វើអំពើល្អ និងចូលរួមដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋឲ្យបានល្អ​បន្ថែមទៀត ជាពិសេសស្វាគមន៍ជានិច្ច​រាល់ការចុះចូល ពីគណបក្សផ្សេងចូលមករួមរស់​ជាមួយ គណបក្សប្រជាជនកម្ពុជា។

លោក សៅ សុវណ្ណី បានលើកឡើង​ថា ក្នុងរយៈពេល​៣៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំ​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើន​ទាំង​ក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់​ទៅលើវិស័យ៤ ជាអាទិភាពមាន​ទឹក ភ្លើង ផ្លូវ និងមនុស្ស។

លោកប្រធានក្រុមការងាររូបនេះ បានបន្ថែមថា ជាការពិតណាស់​ទាំងអស់គ្នា ស្រឡាញ់សន្តិភាពហើយសន្តិភាពនេះ បានមកដោយលំបាកបំផុតដូច្នេះ ត្រូវរួមគ្នាថែរក្សាសន្តិភាព នេះឲ្យបានគង់វង្សរហូតតទៅ មិនបណ្ដោយឲ្យមានអ្នកណាម្នាក់ មកបំផ្លាញនូវសន្តិភាព ដែលកើតឡើង​ពីនយោបាយ​ឈ្នះឈ្នះ​​បានជាដាច់ខាត។ លោកបានប្រាប់សមាជិកទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក នៅជាមួលពលរដ្ឋ​ជានិច្ច។

បន្ថែមពីនេះ លោកក៏បានអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋានឃុំថ្នាធ្នង់​ ត្រូវបន្តធ្វើអំពើល្អជាមួយពលរដ្ឋឲ្យបានកាន់តែបានល្អ​ថែមទៀត ព្រមទាំងត្រូវផ្តល់សេវាសាធារណៈ​ផ្សេងៗឲ្យបានឆាប់រហ័ស និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវសេវាមិនបង់ប្រាក់ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណ័ សៀវភៅគ្រួសារជាដើម ដើម្បីឲ្យពលរដ្ឋបានដឹង​យល់ជ្រួតជ្រាបជៀងវាង មានការថ្នាំងថ្នាក់ណាមួយ។

នៅក្នុងពិធីនោះ សមាជិកបក្សដែលចូលរួមក្នុងម្នាក់ៗ ទទួលបានថវិកា​១ម៉ឺនរៀល ចំណែកកុំព្យូទ័រទាំងពីរគ្រឿងនេះ មួយគ្រឿងប្រគល់ជូនស្នាក់ការគណបក្សឃុំ និងមួយគ្រឿងទៀតប្រគល់ជូនសាលាឃុំថ្នាធ្នង់៕