(ព្រះវិហារ)៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៨នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរជាតិ បានចុះពិនិត្យព្យាបាលជំងឺ និងវះកាត់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ រយៈពេលមួយសប្តាហ៍ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ស្ថិតនៅក្នុងសង្កាត់កំពង់សំណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ដោយមានការចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីសុខាភិបាលជាច្រ់នរូបផងដែរ។
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា ថ្ងៃនេះមន្ទីរសុខាភិបាលខេត្តព្រះវិហារ មានកិត្តិយសដោយ លោកវេជ្ជបណ្ឌិត Tom Flood, RN ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកទេសវះកាត់អន្តរជាតិ ចុះព្យាបាលជំងឺដោយវះកាត់ជូនប្រជាពលរដ្ឋនៅខេត្ត ព្រះវិហារ ដោយឥតគិតថ្លៃរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០១៨។
សកម្មភាពមនុស្សធម៌នេះ ពិតជាមានសារខាន់ខ្លាំងណាស់ ហើយពិតជាត្រូវ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជាតម្រូវការរបស់មន្ត្រីសុខាភិបាល ដែលកំពុងបំរើការងារនៅក្នុងខេត្តព្រះវិហារ ពីព្រោះសកម្មភាពនេះបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងចូលរួមបង្កើននូវសមត្ថភាពមន្ត្រី នៅក្នុងមន្ទីរពេទ្យបង្អែក១៦ មករាផងដែរ។
លោកវេជ្ជបណ្ឌិត Tom Flood, RN បានឲ្យដឹងថា ថ្ងៃនេះលោកមានចិត្តសប្បាយរីករាយណាស់ដែលបានមកជួប ជាមួយប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារ ពិសេសឃើញវត្តមានបងប្អូនមកច្រើន ហើយពួកគាត់ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនូវអ្វីដែល ពួកគាត់បាន ជួយដល់ប្រជាពលរដ្ឋខ្មែរ។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ្ខទុកជូនចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំអស់ពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងសូមស្វាគមន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកទេសវះកាត់អន្តរជាតិ ដែលបានមកជួយពិនិត្យព្យាបាល វះកាត់ជូនប្រជាពលរដ្ឋខេត្តព្រះវិហារដោយមិនគិតថ្លៃ។
ពិសេសលោកបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ ជូនចំពោះប្រធានភូមិ អនុប្រធានភូមិ ជំនួយការភូមិ ក្រុមប្រឹក្សាឃុំ សង្កាត់ និងកម្មករក្រៅប្រព័ន្ធ តាមរយៈគម្រោងមូលនិធិសមធម៌និង របបសន្តិសុខសង្គម របស់រាជរដ្ឋាភិបាល។
លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់មកទទួលសេវាព្យាបាលដោយវះកាត់ សូមអញ្ជើញមកឲ្យបានគ្រប់ៗគ្នា ព្រោះរយៈពេលមានតែមួយសប្តាប៍គឺពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករាប៉ុណ្ណោះ៕