(ភ្នំពេញ)៖ ឧកញ៉ាល្បីៗនៅកម្ពុជាជាច្រើននាក់ បានចូលរួមឧបត្ថម្ភមូលនិធិប្រចាំឆ្នាំ ២០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ក្រោយមានការអំពាវនាវពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាស្ថាបនិកមូលនិធិត្រីចក្រយាន្ត (មូលនិធិស៊ីក្លូ)នេះ ដែលការចូលរួមឧបត្ថម្ភថវិកានេះ ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជួបសំណេះសំណាល ព្រមទាំងពិសាអាហារជាមួយអ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ជាង៣០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ឧកញ៉ាចិត្តសប្បុរសដែលបានចូលរួមឧបត្ថម្ភមូលនិធិស៊ីក្លូក្នុងមួយឆ្នាំៗនោះរួមមាន៖ ឧកញ៉ា គិត ម៉េង ចំនួន៥ម៉ឺនដុល្លារ, ឧកញ៉ា លាង ឃុន ចំនួន៥ម៉ឺនដុល្លារ, ឧកញ៉ា ថៃ ជាហួត ចំនួន៥ម៉ឺនដុល្លារ និងឧកញ៉ា អ៉ឹង ប៊ុនហូវ ចំនួន៥ម៉ឺនដុល្លារ។
លើសពីនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានជួយឧបត្ថម្ភបន្ថែមដល់មូលនិធិនេះ ចំនួន៤០លានរៀលផងដែរ។
មិនតែប៉ុណ្ណោះ មូលនិធិស៊ីក្លូ ដែលបង្កើតដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ទទួលបានការឧបត្ថម្ភថវិកាមួយចំនួនពីសំណាក់មន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលផងដែរ ក្នុងនោះមាន ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ចំនួន៥ពាន់ដុល្លារ, ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន៣ពាន់ដុល្លារ, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន២,៥០០ដុល្លារ, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចំនួន២,៥០០ដុល្លារ, លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំនួន៥,០០០ដុល្លារ, លោក ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ចំនួន២,៥០០ដុល្លារ, លោក អូស្មា ហាសាន់ ចំនួន២៥,០០០ដុល្លារ និងឧកញ៉ា លី ហួរ ចំនួន៣០,០០០ដុល្លារ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយឆ្នាំមូលនិធិត្រីចក្រយានអាចនឹងត្រូវចំណាយក្នុងរង្វង់ ២៤-៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។ សម្តេចតេជោ បានសម្រេចដាក់ថវិកាចូលមូលនិធិដំបូង៥០០លានរៀល (ប្រមាណ១៤ម៉ឺនដុល្លារអាមេរិក) ហើយឧបត្ថម្ភប្រចាំខែប្រមាណ ២ម៉ឺនដុល្លារថែមទៀតផង៕