(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានសម្តែងនូវការសាទរយ៉ាងខ្លាំង និងប្រកាសគាំទ្រទាំងស្រុងចំពោះ ការបង្កើតមូលនិធិត្រីចក្រយន្ត (មូលនិធិស៊ីក្លូ) របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកស្រីឧបនាយករដ្ឋមន្រ្តី បានចាត់ទុកថា ការបង្កើតមូលនិធិនេះពិតជាបានចូលរួមធ្វើឲ្យជីវភាពបងប្អូនធាក់ស៊ីក្លូកាន់តែប្រសើរខ្លាំងឡើង សម្រាប់ជីវភាពប្រចាំថ្ងៃ និងក្រុមគ្រួសាររបស់ពួកគេ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់បងប្អូនអ្នកធាក់ស៊ីក្លូ ដែលបានចូលជាសមាជិក នៃមូលនិធិត្រីចក្រយាន នឹងទទួលបានការព្យាបាលជំងឺ តាមមន្ទីរពេទ្យរដ្ឋដោយមិនបង់ប្រាក់ ទទួលបានប្រាក់ឧបត្ថម្ភ៧ពាន់រៀលក្នុងមួយថ្ងៃ ក្នុងនោះពីរពាន់រៀលសម្រាប់ថ្លៃជួលស៊ីក្លូវ ៥ពាន់រៀលសម្រាប់ថ្លៃបាយ ហើយប្រាក់នេះនឹងបើកជូន ១០ថ្ងៃម្តងតាមរយៈសេវាវីង។
សម្ដេចប្រកាសទៀតថា ក្រៅពីផ្តល់ការព្យាបាលនៅមន្ទីរពេទ្យ និងថវិកាប្រចាំថ្ងៃហើយនោះ ក៏នឹងមានការផ្តល់សម្លៀកបំពាក់ និងការឧបត្ថម្ភថវិកា ពេលមានបុណ្យជាតិផ្សេងៗផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យមានការគិតគូរពីការឧបត្ថម្ភនានា នៅពេលបងប្អូនអ្នកធាក់ស៊ីក្លូ ទទួលមរណភាពផងដែរ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យមានការផ្តល់ជាអាវរងារ ដល់អ្នកធាក់ស៊ីក្លូវពេលខែរងារ និងផ្តល់អាវភ្លៀងនៅរដូវភ្លៀង និងត្រូវមានការគិតគូរពីការឧបត្ថម្ភនានា នៅពេលបងប្អូនអ្នកធាក់ស៊ីក្លូទទួលមរណភាពផងដែរ។
ក្នុងឋានៈជាប្រធានកិត្តិយសមូលនិធីត្រីចក្រយាន្ដ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកប្រកបរបរលើវិស័យទេសចរណ៍ទាំងអស់ ចូលរួមគាំទ្រដល់អ្នកធាក់ស៊ីក្លូ និងអំពាវនាវដល់អ្នកធាក់ស៊ីក្លូ កុំបរិភោគគ្រឿងស្រវឹងពេលធាក់ស៊ីក្លូ។
សូមបញ្ជាក់ថា មូលនិធិស៊ីក្រូ ត្រូវបានប្រកាសឲ្យអនុវត្តមូល ដោយសម្តេចតេជោ ហ៊ុន សែន ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨តទៅ។ ការប្រកាសឲ្យបង្កើត និងអនុវត្តមូលនិធិស៊ីក្លូនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។ នេះបើតាមលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨៕