(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសមូលនិធិត្រីចក្រយាន្ដ (សមាគមស៊ីក្លូ) បានច្រានចោលទាំងស្រុងនូវការអធិប្បាយនានា ដែលថាសម្ដេច ព្យាយាមទាញបងប្អូនអ្នកធាក់ស៊ីក្លូមកគ្រប់គ្រង តាមរយៈការបង្កើតសមាគមមួយនេះ។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ការបង្កើតមូលនិធិត្រីចក្រយាន្ដនេះឡើង ព្រោះតែសម្ដេចចង់ជួយអ្នកធាក់ស៊ីក្លូដោយខ្លួនឯងផ្ទាល់ ដោយហេតុថា កន្លងមកធ្លាប់មានសមាគមមួយចំនួន បានយកថវិកាសម្ដេចដើម្បីទៅទ្រទ្រង់សកម្មភាពនាន តែទីបំផុតបែរជាយកទៅមប្រើប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញជួបសំណេះសំណាល និងពិសារអាហារ ជាមួយបងប្អូនអ្នកធាក់ស៊ីក្លូ ប្រមាណ៣០០នាក់ ក្នុងរាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគួរត្រូវតែធ្វើការបកស្រាយ ដើម្បីជៀសវាងការភ័ន្ដច្រឡំណាមួយ ពីសំណាក់អ្នកធ្វើអធិប្បាយ និងអ្នកដែលនិយមចូលចិត្ត វាយប្រហារគេឯង [...] សមាគមស៊ីក្លូនៅក្នុងប្រទេសយើងមានដល់ទៅ២ ក្រៅពីនោះគឺនៅមានអ្នកធាក់ស៊ីក្លូ ដែលមិនចូលសមាគមណាទៀតផង ដូច្នេះខ្ញុំមិនអាចផ្ដល់ប្រាក់កាក់ទៅតាមរយៈសមាគមបានទេ រឿងនេះធ្លាប់បានជួបប្រទះច្រើនណាស់មកហើយ ដោយគេបានចាត់ចែងប្រើប្រាស់នូវថវិកា ដែលខ្ញុំបានផ្ដល់ទៅត្រឹមតែបម្រើប្រយោជន៍ នៃអ្នកកាន់កាប់សមាគម»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បន្ថែមថា មានសមាគមខ្លះបានលើកសំណើរមកសម្ដេច ដើម្បីបង្កើតអង្គការក្រៅរដ្ឋាភិបាល ដើម្បីជួយអ្នកក្រីក្រ ប៉ុន្ដែសំណើរនោះបានស្នើសុំដំបូងបំផុត គឺឡាន២គ្រឿង ម៉ូតូ៤-៥គ្រឿង និងផ្ទះជាកន្លែងទីស្នាក់ការ ឬក៏តម្លៃជួលទីស្នាក់ការ និងដំណើរការប្រាក់បៀវត្សន៍សម្រាប់បុគ្គលិក ដូច្នេះហើយសម្ដេចបានតបទៅវិញថា បើគ្មានលទ្ធភាពគ្រាន់តែមកសុំលុយសម្ដេច ដើម្បីបង្កើតនូវដំណើរការនេះ តើមានប្រយោជន៍អ្វីទៅ?។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅពេលសម្ដេចបង្កើតមូលនិធិត្រីចក្រយាន្ដនេះឡើង សូមសមាគមស៊ីក្លូផ្សេងៗ កុំយល់ច្រឡំ និងមានការភ័យខ្លាចថា សម្ដេចរំលាយសមាគមនោះអី ហើយអ្នកណាដែលចូលនៅក្នុងសមាគមចាស់ហើយ នៅបន្ដក្នុងនោះដដែលចុះ ព្រោះសម្ដេចមិនបានបង្ខំឲ្យមូលនិធិដែលសម្ដេចបង្កើតនោះទេ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ក្នុងមួយឆ្នាំមូលនិធិត្រីចក្រយាន អាចនឹងត្រូវចំណាយក្នុងរង្វង់ ២៤-៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ៕