(សៀមរាប)៖ មន្រ្តីកាំកុងត្រូលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈគ្រប់គ្រងផ្សារបានចុះអង្កេត និងពិនិត្យទំនិញ ដែលកំពុងដាក់តាំងលក់នៅផ្សារចាស់ និងនៅផ្ទះលក់គ្រឿងសមុទ្របោះដុំ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ និងកសាងទំនុកចិត្តពីប្រជាពលរដ្ឋ។
មន្ត្រីកាំកុងត្រូលសាខាខេត្តសៀមរាប បានឲ្យដឹងថា ពេលចុះពិនិត្យនោះ ទំនិញជាម្ហូប អាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន២៣គំរូ រួមមាន៖ គុយទាវសរសៃតូច គុយទាវសរសៃធំ មីលឿង លត សណ្តែកបណ្តុះ ប្រហិតសាច់ត្រី ប្រហិតសាច់គោ សាច់ក្រក គ្រឿងសមុទ្រក្លាសេ ប្រភេទជ្រក់ បង្អែមលតអង្ករ លតស្វិត និងបង្អែមនំបាញ់ឌុក ត្រូវបានយកមកពិសោធន៍ពិនិត្យគុណភាព និងវិភាគរកសារធាតុគីមីហាមឃាត់។
ជាលទ្ធផលនៃការវិភាគបឋមបង្ហាញថា ទំនិញជាម្ហូបអាហារទាំង២៣គម្រូដែលបានពិនិត្យនោះមានអនុលោមភាព សុវត្ថិភាពទាំងអស់។ ចំពោះបង្អែមនំបាញ់ឌុកដែលកន្លងមកមានដាក់លាយ សារធាតុគីមីហាមឃាត់បូរ៉ាក់(ទឹកអន្សារ)នោះ ពេលនេះពុំត្រូវបានវិភាគរកឃើញទៀតឡើយ។ សូមជម្រាបជូនជ្រាបថា ភាពប្រសើរឡើងនេះ កើតមានឡើង បន្ទាប់ពីសមត្ថកិច្ចកាំកុងត្រូលដកហូត និងកម្ទេចចោលភ្លាមៗ នូវបង្អែមនំបាញ់ឌុកដែលត្រូវបានវិភាគរកឃើញមានសារធាតុគីមីហាមឃាត់បូរ៉ាក់(ទឹកអន្សារ)កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ ហើយបានឲ្យអ្នកលក់ និងជាអ្នកផលិតផ្ទាល់ផងនោះ ធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់នូវការដាក់លាយបន្ថែម សារធាតុគីមីហាមឃាត់ ករណីមិនរាងចាលនឹងចាត់ការតាមនីតិវិធីច្បាប់។
បើតាមមន្រ្តីកាំកុងត្រូលសាខាខេត្តសៀមរាប បានឲ្យដឹងថា សកម្មភាពចុះតាមផ្សាររបស់មន្រ្តីកាំកុងត្រូល គឺជាសកម្មភាពធ្វើឡើងជាប្រចាំ និងមានគោលការណ៍ច្បាស់លាស់ ដែលដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម។
ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ មន្រ្តីកាំកុងត្រូលក៏បានឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករទាំងអស់ កុំឲ្យយកទំនិញគ្មានគុណភាព ឬ មានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់ ដល់សុខភាព របស់អ្នកប្រើប្រាស់។ ចំពោះអ្នកទិញ មន្រ្តីកាំកុងត្រូលក៏បានណែនាំពីរបៀបនៃការជ្រើសរើសផលិតផលមានសុវត្ថិភាពមកបរិភោគ និងបានផ្តាំផ្ញើដល់អ្នកទិញគួរពិចារណាមុននឹងសម្រេចចិត្តទិញ ជាពិសេសទំនិញដែលខុសប្លែកពីធម្មតា ដូចជាទំនិញដែលមានសម្រស់ស្រស់ ឆើតឆាយ មានលក្ខណៈទាក់ទាញខ្លាំង ។ល។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះគឺប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារ ហាង ស្តាម៉ាតនានាទូទាំងប្រទេស រកសារធាតគីមីហាមឃាត់ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕