(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយផ្ទាល់របស់លោក ប៊ុន សត្យា បានតាមចាប់ខ្លួនស្ត្រីម្នាក់ «ពីបទប៉ុនប៉ងឃាតកម្ម» ដែលបានប្រព្រឹត្តកាលពីចុងឆ្នាំ២០១៦ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៩០០«ន» ដ.ច.ន ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលចេញដោយលោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
បើតាមលោក ប៊ុន សត្យា បានបញ្ជាក់ថា ការឃាត់ខ្លួនស្ត្រីម្នាក់ «ក្នុងបទល្មើសប៉ុនប៉ងឃាតកម្ម» ខាងលើនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខផ្ទះលេខ២០ ផ្លូវ១៤CC ក្រុមទី៦ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ប៊ុន សត្យា បានបញ្ជាក់ទៀតថា ស្ត្រីត្រូវចាប់ខ្លួនជាប់ចោទពីបទប៉ុនប៉ងឃាតកម្ម មានឈ្មោះ យឹម ផល្លា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះលេខ២០ ផ្លូវ១៤CC ក្រុមទី៦ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នស្ត្រីជាជនត្រូវជាប់ចោទ «ពីបទប៉ុនប៉ងឃាតកម្ម» ខាងលើ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ធ្វើការបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕