(រតនគិរី)៖ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្រុកតាវែង ខេត្តរតនគិរី បានប្រកាសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ​ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៦ និងអាណត្តិក្រោយៗទៀត ដើម្បីបន្តដឹកនាំប្រទេសជាតិកាន់តែរុងរឿងថែមទៀត សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

ការប្រកាសរបស់អ្នកស្រុកតាវែងខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅចំពោះមុខលោក វ៉ាន់ សោភា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកតាវែង ក្នុងពិធីទិវាជ័យជម្នះ៧មករា លើកទី៣៩ (១៩៧៩-២០១៨) ដោយមានការចូលរួមពីសមាជិក-សមាជិកាគណបក្សប្រជាជនប្រមាណ៦០០នាក់។

ថ្លែងក្នុងអង្គពិធីខាងលើនេះលោក វ៉ាន់ សោភា បានរំលឹកអំពីគុណថ្ងៃ៧មករា ទើបយើងមានអ្វីៗដូចសព្វថ្ងៃ ព្រមទាំងបានប្រកាសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអណត្តិទី៦ និងអណត្តិបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះលោកក៏អំពាវនាវដល់ជនរួមជាតិបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ក្នុងអង្គពិធីខាងលើនេះដែរ លោក វ៉ាន់ សោភា ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការដឹងសុខទុក្ខគ្នាទៅវិញ ទៅមកនោះ បាននាំថវិកាមួយចំនួន របស់សម្តេចតេជោ ហ៊ុន សែន ជាចំណងដៃចំនួន១លានរៀលជូនគណបក្សប្រជាជនស្រុកតាវែង, ជូនគណបក្សឃុំតាវែងលើ១លានរៀល, ជូនគណបក្សប្រជាជនឃុំតាវែង ក្រោម១លានរៀល, លោកគ្រូ, អ្នកគ្រូក្នុងម្នាក់៤ម៉ឺនរៀល និងលោកភូមិ,មេឃុំភួយម្នាក់១, សិស្សានុសិស្សម្នាក់៥ពាន់រៀលផងដែរ។

បន្ទាប់មក នៅព្រឹកថ្ងៃដដែលគណៈអធិបតីក៏បានរៀបចំបាយសាមគ្គីដោយទឹកចិត្ត សប្បាយរីករាយផងដែរ៕