(ភ្នំពេញ)៖ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួនបុរស២នាក់ ដែលបានឆបោកប្រាក់ ទិញ-លក់ដីខ្យល់ ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នសិន ដើម្បីបន្តនីតិវិធីនាពេលក្រោយ។ នេះបើតាមមន្ដ្រីតុលាការ ប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។
បើតាមមន្ដ្រីតុលាការ បុរសទាំង២នាក់រូបនេះ ត្រូវបានឃុំខ្លួនក្រោមបទចោទប្រកាន់ ពីបទឆបោកប្រព្រឹត្តអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលអាចនឹងផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន១លាន ទៅ៦លានរៀល ដោយមិនទាន់រាប់បញ្ជូលសំណងនៃការខូចខាត និងសំណងជំងឺចិត្ត របស់ដើមបណ្តឹង។
ជនត្រូវចោទទាំង២នាក់នេះ ទី១៖ ឈ្មោះ ស៊ុន សៀន អាយុ៤៨ឆ្នាំ ទីលំនៅផ្ទះលេខ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២៖ ឈ្មោះ ហេង សាន អាយុ៤៥ឆ្នាំ ទីលំនៅផ្ទះលេខ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
គួររំលឹកថា សមត្ថកិច្ចការឃាត់ខ្លួននបុរស២នាក់ខាងលើនេះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លូន លេខ១០០៦ "ឃ១" ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និងដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១០០៧ "ឃ១" ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចបានបង្ហើបថា កាលពីអំឡុងឆ្នាំ២០១៣ បុរសទាំង២នាក់ខាងលើបានឆបោក ប្រាក់កក់របស់ដើមបណ្តឹងចំនួន៥០,០០០ដុល្លារ យកទៅទិញដីចំនួន ៦,០០០ហិកតា នៅក្នុងខេត្តកំពត តែទីបំផុតត្រូវដើមបណ្តឹងទៅតុលាការ និងឲ្យសមត្ថកិច្ចចាប់ខ្លួនព្រោះតែគ្មានដីឲ្យម្ចាស់លុយគេ៕