(ភ្នំពេញ)៖ ជំងឺផ្តាសាយបក្សី H5N1 ករណីថ្មីទៀត បានកើតមាននៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តែត្រូវបានទប់ស្កាត់ទាន់ពេលវេលាមិនបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋនោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក វេង សាខុន បានគូសបញ្ជាក់ថា កាលពីថ្ងសទី០៩ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើវិភាគរកឃើញមេរោគផ្តាសាយបក្សីលើសំណាកសត្វមាន់ចំនួន ០៣ក្បាល នៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បើទោះបីជាយ៉ាងណាជំងឺផ្តាសាយនេះត្រូវបានទប់ស្កាត់ទាន់ពេលវេលាមិនមានការរីករាលដាល ឬបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ។ លោក វេង សាខុន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះថា «យើងតាមទប់ស្កាត់បានទាន់ពេលវេលា ហើយប្រជាពលរដ្ឋឥឡូវមានការយល់ដឹងច្រើនចំពោះផលប៉ះពាល់នៃជំងឺផ្តាសាយនេះ ដូច្នេះមិនមានបង្កផលធ្ងន់ធ្ងរនោះទេ យើងបានទប់ស្កាត់អស់ហើយ»។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៧កន្លងទៅនេះ ក៏មានផ្ទុះករណីជំងឺផ្តាសាយបក្សីនៅក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំផងដែរ តែត្រូវបានទប់ស្កាត់ទាន់ពេលវេលា ហើយមិនមានបង្កជាបញ្ហាធ្ងន់ធ្ងរសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋនោះឡើយ៕