(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីមូលហេតុ៤យ៉ាង ដែលនាំឱ្យសម្តេចបង្កើតមូលនិធិស៊ីក្លូ នាពេលនេះ។ ការបញ្ជាក់នេះ បានធ្វើឡើងនាគ្រាដែលសម្តេចអញ្ជើញ ទស្សនាព្រឹត្តិការណ៍តាំងពិព័រណ៍កងទ័ព នៅកោះពេជ្រ និងជួបសំណេះសំណាល ពិសារអាហារជាមួយបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូជាង៣០០នាក់ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហេតុផលដែលនាំឲ្យសម្តេចសម្រេចបង្កើតមូលនិធិត្រីចក្រយាន (មូលនិធិស៊ីក្លូ) នៅក្នុងខែនេះ គឺដោយតែ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត៤ ពាក់ព័ន្ធនឹងខ្លួនរបស់សម្តេចផ្ទាល់ក្នុងនោះរួមមាន៖ ទី១៖ ខែមករានេះ ជាខួប៣៩ឆ្នាំ នៃការរំដោះប្រទេសចេញពីរបប ប៉ុល ពត, ទី២៖ ថ្ងៃ៥មករា ខួប៤២ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់សម្តេច ទី៣៖ ថ្ងៃទី០៨ មករា ជាខួប៣៩ឆ្នាំ នៃការចូលកាន់កាប់អំណាចរដ្ឋតាមរយៈជ្រើសតាំង ជារដ្ឋមន្ត្រីក្រសួងការបរទេស និងនិងទី៤៖នៅថ្ងៃទី១៤ ខែមករា គឺជាខួបលើកទី ៣៣ឆ្នាំ ដែលសម្តេចបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ក្នុងមួយឆ្នាំមូលនិធិត្រីចក្រយាន អាចនឹងត្រូវចំណាយក្នុងរង្វង់ ២៤-៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។ សម្តេចបានសម្រេចដាក់ថវិកាចូលមូលនិធិដំបូងប្រមាណ ១៤ម៉ឺនដុល្លារអាមេរិក ហើយសម្តេចឧបត្ថម្ភប្រចាំខែប្រមាណ ២ម៉ឺនដុល្លារថែមទៀតផង។
សូមបញ្ជាក់ថា មូលនិធិស៊ីក្រូ ត្រូវបានប្រកាសឱ្យអនុវត្តមូល ដោយសម្តេចតេជោ ហ៊ុន សែន ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ តទៅ។ ការប្រកាសឱ្យបង្កើត និងអនុវត្តមូលនិធិស៊ីក្លូនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨នេះ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបង្កើតមូលនិធិនេះ មិនត្រឹមតែជួយដល់ការរស់នៅរបស់បងប្អូនអ្នកស៊ីក្លូប៉ុណ្ណោះទេ តែក៏ជាការចូលរួមចំណែក ជួយអភិរក្សស៊ីក្លូដែលជាយានអត្តសញ្ញាណរបស់ខ្មែរតាំងពីសម័យបារាំងថែមទៀតផង។
ទាំងអ្នកធាក់ស៊ីក្លូ និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សុទ្ធតែបង្ហាញការគាំទ្រសម្រាប់ការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន។ បងប្អូនអ្នកធាក់ស៊ីក្លូ បានសម្តែងការរីករាយខ្លាំង ហើយបានហៅចំណាត់ការទាំងអស់នេះ គឺជួយដល់ជីវភាពរបស់គាត់ផង ហើយក៏ជួយឲ្យស៊ីក្លូបន្តមានវត្តមាន នៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ក្រៅពីបង្កើតមូលនិធិស៊ីក្លូ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យបងប្អូន អ្នកប្រកបរបរ ធាក់ស៊ីក្លូទាំងអស់ អាចចូលព្យាបាលជំងឺ និងពិនិត្យជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃថែមទៀត៕