(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងប្រាប់សារព័ត៌មាន Fresh News ថា គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ មានអត្តពលិកជាតិ-អន្តរជាតិជាង៨០០នាក់ហើយ បានចុះឈ្មោះចូលរួមរត់ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ «Angkor Ultra Trail» លើទឹកដីសៀមរាប-អង្គរ ចាប់ពីថ្ងៃទី១៩-២០ ខែមករា សប្ដាហ៍ក្រោយ។
ព្រឹត្តិការណ៍រត់ប្រណាំងបែបលក្ខណៈផ្សងព្រេង កាត់ផ្ទះប្រជាពលរដ្ឋ និងប្រាង្គប្រាសាទបុរាណជុំវិញតំបន់អង្គរនេះ គឺមាន៣វិញ្ញាសា រួមមាន៖ រត់ចម្ងាយ១២៨គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ និងរត់ចម្ងាយ៤២គីឡូម៉ែត្រ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា រហូតដល់ថ្ងៃនេះ មានអត្តពលិកមកពី៤០ប្រទេស ជាង៨០០នាក់ហើយ បានចុះឈ្មោះចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍ Angkor Ultra Trail ដែលរៀបចំពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០១៨ នៅលើទឹកដីទេសចរណ៍ប្រវត្តិសាស្ត្រអង្គរ ខេត្តសៀមរាប។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Angkor Ultra Trail នេះ ជាការរត់ប្រណាំងចម្ងាយឆ្ងាយ ដែលតម្រូវឲ្យអត្តពលិករត់ចម្ងាយ ១២៨គីឡូម៉ែត្រ ដោយរត់កាត់ព្រៃព្រឹក្សា ប្រាង្គប្រាសាទបុរាណ វាលស្រែ និងភូមិស្រុករបស់ប្រជាពលរដ្ឋខ្មែរ។ សម្រាប់វិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ អត្តពលិកម្នាក់ៗត្រូវចំណាយពេលរត់ប្រមាណ ២៤ម៉ោង ពោលគឺចេញដំណើរនៅថ្ងៃទី១៩ ហើយចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។ តែក្នុងអំឡុងពេលរត់នោះ អត្តពលិកម្នាក់ៗអាចឈប់សម្រាកហូបអាហារសម្រន់មុនបន្តដំណើរទៅមុខបាន។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍រត់ប្រណាំងកាត់ឧបសគ្គនេះ ធ្វើឡើងដើម្បីប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការមនុស្សធម៌នានា។ លើសពីនេះ ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ក៏នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជាផងដែរ ដូចជា ផ្សព្វផ្សាយតំបន់ទេសចរណ៍នៅកម្ពុជា ដែលមានតំបន់អង្គរដ៏អស្ចារ្យ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសៀមរាប-អង្គរ និងដើម្បីរួមចំណែកថែរក្សាបរិស្ថានជុំវិញតំបន់រមណីយដ្ឋានអង្គរ។
Angkor Ultra Trail ត្រូវបានរៀបចំចំនួន ២លើកមកហើយ ដោយលើកទី១ធ្វើឡើងនៅឆ្នាំ២០១៦ លើកទី២ធ្វើឡើងនៅឆ្នាំ២០១៧ ហើយលើកទី៣នេះ ធ្វើឡើងនៅឆ្នាំ២០១៨៕